កោះកុង ៖ ឆ្នាំនេះ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នឹងប្រារព្ធឡើងនៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានកំណត់យកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ ២០១៨ ។
នៅខេត្តកោះកុង នាចុងឆ្នាំនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរសេរលិខិតកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ជម្រាបជូនលោកស្រី មិថុនា ភូថង អភិបាល ខេត្តកោះកុង ពីកាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ឆ្នាំ២០១៨ និងដើម្បីត្រៀមសហការរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំនេះ ឲ្យទទួលបានជោគជ័យ។
គួររម្លឹកថា ខេត្តជាប់មាត់សមុទ្រទាំង ៤ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំពិធីបុណ្យសមុទ្រដែលសហការដោយក្រសួងទេសចរណ៍ ដោយចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១២ នៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីឆ្នាំ២០១១។
កាលពី ឆ្នាំ២០១៧ បុណ្យសមុទ្រត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន” ក្រោមពាក្យស្លោក “និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ” បានធ្វើឡើង នៅខេត្តកែប ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧។
ក្រៅពីជួបប្រារព្ធពិធី ថ្លែងសន្ទរកថា តាំងពិព័រណ៍ និងប្រគំតន្ត្រីជាដើម ក្នុងពិធីបុណ្យសមុទ្រ រៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រិតសម្រាំងជ្រើសរើសកីឡាច្រើនប្រភេទ ដើម្បីអបអរពិធីបុណ្យសមុទ្រ រួមមាន កីឡារត់ប្រណាំង ទូកក្តោង ទ្រីយ៉ាត្លុង បាល់ទះលើឆ្នេរខ្សាច់ កីឡារាំអន្តរជាតិ ស្គីទឹកកក ប្រណាំងកង់ ប្រដាល់យុទ្ធគុនចម្រុះ (MMA) ចំបាប់ឆ្នេរខ្សាច់ គុនខ្មែរ និងកីឡាថាសហោះ ជាដើម។
ក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ ថា តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឈរលើមូលដ្ឋានកំណើននេះ ក៏ទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងឲ្យហ្មត់ចត់ ដោយត្រូវមានផែនការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ពិសេសស្របពេល ដែលពិភពលោកទាំងមូល បាន និងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ការអភិវឌ្ឍទីក្រុងតំបន់ឆ្នេរឲ្យក្លាយជាទីក្រុងបៃតងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់និរន្តរភាពនៃធនធានតំបន់ឆ្នេរប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរឲ្យមកទស្សនា និងកំសាន្តកាន់តែច្រើនថែមទៀតផង។ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានអំពាវនាវថា យើងចាំបាច់ត្រូវ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យមាននិរន្តរភាព ហើយទីក្រុងជាប់ឆ្នេរ ត្រូវជាជ័យលាភីទីក្រុងស្អាត និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស័ក្តិសមជា “ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី”៕