បុរស​២​នាក់​ត្រូវ​ទឹក​ហូរ​កួច​លង់ទឹក​ស្លាប់​នៅ​តំបន់​កម្សាន្ត​ទឹកធ្លាក់​ជ្រាវ ខេត្ត កំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2018 ក+ ក-

​កំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​២​នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ទៅលេង​តំបន់​ទេសចរណ៍ ជ្រាវ ហើយ​ស្រាប់តែ​មេឃ​ធ្លាក់ភ្លៀង​ពីលើ​ភ្នំ​បណ្តាលអោយមាន​ទឹក​ហូរ​ខ្លាំង​កួច​ធ្លាក់​ពីលើ​ភ្នំ​យ៉ាងគំហុក (​ដូច​ទឹកបាក់​ទំនប់​)​បណ្តាលអោយ​បោក​ជាមួយ​ថ្មរ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែម្តង​។ ហេតុការណ៍​លង់ទឹក​ស្ទឹង​ស្លាប់​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្ទឹង​ក្រាំង​ពន្លៃ ចំណុចដើម​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់លោក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង​បាន​និយាយ​អោយដឹងថា ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ចំនួន​០២​នាក់​នេះ​ទី​០១ មានឈ្មោះ​មុំ សេង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥​ឃុំ​សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​នឹង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ​គឺ​ម ផាន់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​និង ជា​ម្ចាស់​ចម្ការ​ផងដែរ​។​លោក អធិការ​ស្រុក​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ ពួកគាត់​បាន​នាំ​កូនក្មួយ​មកលេង​តំបន់​ទឹកធ្លាក់​ជ្រាវ រួចហើយ​បន្ត​មកលេង​នៅ​ចំណុចកើតហេតុ​ខាងលើ ក្នុង​ចម្ការ​ក្រូច​របស់​ឈ្មោះ គឹម ផាន់ ។​

​ក្រោយពី​ក្រុម​ជនរងគ្រោះ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​នោះ ក៏មាន​ភ្លៀង​មួយ​មេ​ធំ​នៅ​ចំណុច​ភ្នំ​ជ្រាវ ទើប​បង្ក​ឱ្យ​ទឹកស្ទឹង​ខាង​បាន​ជន់​ឡើង​ខ្លាំង​ភ្លាមៗ​។​ទឹកជំនន់​ហូរ​ពី​ខាងលើ​យ៉ាងគំហុក​បាន​បោក​ទាញ​ជនរងគ្រោះ​ឈ្មោះ មុំ សេង ពេល​ឃើញ​ដូចនេះ ឈ្មោះ គឺ​ម ផាន់ ក៏បាន​ស្ទុះ​លោ​តទៅ​ជួយ​ក៏បាន​ទឹក​បោក​ទាញ​បាត់​ខ្លួន​ទាំងពីរ​នាក់​តែម្ដង​។

​កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង ដោយ​សហការ​ជាមួយ​ប្រជា​ការពារ ដែល​ការពារ​នៅ​ទី​នោះបាន​អន្តរាគមន៍​ចុះ​រាវរក​រហូតដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ទើប​រកឃើញ​សព​នៅ​ចំណុច​ក្រោម​ស្ពាន​ភូមិ​ទឹក​ចេញ ចំងាយ​២០០​ម៉ែត្រ​។​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយពី​ជួយ​រក​សព​ឃើញ ក៏បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ដោយ​មិនអោយ​ទាំង​សមត្ថកិច្ច​ថតរូប​បុរស​ម្នាក់​ដែល​នៅ​ខេត្តកំពង់ឆ្នាំង ទុកជា​ឯកសារ​ទៀតផង ៕