ភ្នំពេញ៖តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្រា្តលីស្តីពីការទទួល យកជនភៀសខ្លួនមកដល់ពេលនេះមានតែជនភៀសខ្លួនជាជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តមករស់នៅកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មកដល់ពេលនេះមិនទាន់មានជនភៀសខ្លួនណាម្នាក់មកដល់កម្ពុជានៅឡើយទេ ប៉ុន្តែបើតាមក្រុមការងាររបស់កម្ពុជាដែលបានធ្វើដំណើរទៅជួបជនភៀសខ្លួននៅប្រទេសអូស្ត្រាលី នោះបានឲ្យដឹងថាមានតែជនភៀសខ្លួនតែម្នាក់ទេ ដែលបានមកចុះឈ្មោះមករស់នៅកម្ពុជា ។ លោកបន្តថា ជនភៀសខ្លួននោះ គឺជាជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិដើមភាគតិចគេចខ្លួនពីប្រទេសភូមា ។ លោកបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ ឃើញតែម្នាក់មកចុះឈ្មោះក្នុងចំណោមរាប់ពាន់នាក់ មានម្នាក់សុខចិត្តមក រៀបចំសំណុំបែបបទជាលាយលក្ខអក្សរទៀត បានយើងទទួល មិនមែនមកតែមាត់ទេ ស្នើសុំជាលាយលក្ខអក្សរទៀត ហើយមកសុំហ្នឹង ស្នើតាមក្រុមការងារ រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃដើម្បីពិនិត្យ» ។
ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ មិនបានបញ្ជាក់ពីថ្ងៃនៃការបញ្ជូនជនភៀសខ្លួនជាជនជាតិរ៉ូហ៊ីងយ៉ា រូបនោះមកកម្ពុជានៅឡើយ ។
ស្ថាបនិកបណ្ដាញសង្គម លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ថា ការដែលជនភៀសខ្លួនមិនព្រមចេញពីអូស្ត្រាលីមករស់នៅកម្ពុជានោះ ដោយសារតែកម្ពុជានៅមានភាពក្រីក្រ មានការរំលោភសិទ្ធិមនុស្ស ដែលជាហេតុធ្វើឲ្យពួកគេបារម្ភ និងភ័យខ្លាចនៅពេលដែលមករស់នៅកម្ពុជា ។ លោកថា «មករស់នៅប្រទេស មួយ ខ្ញុំគិតថា កេរ្តិ៍ឈ្មោះនៃការរំលោភសិទ្ធិមនុស្ស កេរ្តិ៍ឈ្មោះនៃភាពក្រីក្រគឺពុំស្ថិតមានខ្លាំងក៏ដោយនៅ ក្នុងសហគមន៍អន្តរជាតិ ។ អ៊ីចឹងហើយការមិនទទួលស្គាល់ ឆ្លុះបញ្ចាំងបញ្ជាក់ថា កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ក៏ដូចជាសមត្ថភាពជាក់ស្តែងក្នុងការទទួលជនភៀសខ្លួនហ្នឹង គឺមិនទាន់ល្អនៅឡើយទេ» ។
មន្ត្រីនាយករដ្ឋានអន្តោប្រវេសន៍កម្ពុជា បានទៅប្រទេសអូស្រា្តលីកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីពិនិត្យមើលស្ថានភាពនៃជនភៀសខ្លួនទាំងនោះ ថាតើអ្នកទាំងនោះព្រមមកកម្ពុជា ឬយ៉ាងណា ។
បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលយកជនភៀសខ្លួនពីអូស្ត្រាលីកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៤ ។ ប៉ុន្តែថ្មីៗនេះគេហទំព័រ ABC News ចុះផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី នឹងជួលយន្តហោះពិសេស ដឹកជនភៀសខ្លួនរកសិទ្ធិជ្រកកោននៅអូស្ត្រាលីប្រមាណ១០នាក់មក កម្ពុជា ៕រូបភាពនៃការតវ៉ាប្រឆាំងនឹងគោលនយោបាយការឃុំឃាំងអន្តោប្រវេសន៍រដ្ឋាភិបាលសហព័ន្ធនិងកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីជាជនភៀសខ្លួនជាមួយប្រទេសកម្ពុជានៅក្នុងទីក្រុងស៊ីដនីកាលពីខែតុលាឆ្នាំ 2014(រូបភាពពី៖វិបសាយ The Quardian)