លោក ប៉ាន សូរ​ស័ក្តិ សរសើរ​ពី​កំណើន សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2018 ក+ ក-


​ស្ទឹងត្រែង ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​មោទនភាព​ចំពោះ​ស្ថានភាព​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តស្ទឹងត្រែង ជាពិសេស​សមិទ្ធផល​ការងារ​ដែល​ប្រសូត​ចេញពី​កិច្ចសហការ​ល្អ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​ទាំងអស់ នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង នៅក្រោម​ការដឹកនាំ​រប​ស់​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ។​

​នៅក្នុង​ឱកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ថ្មី លោក ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​កន្លងមក​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញការងា​រ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម ឲ្យ​ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់ ។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា​ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ ចុះ​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​ជាដើម​។​

​លោក​មានប្រសាសន៍​បញ្ជា​ក់​ទៅកាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ថា ត្រូវគោរព​តាម​ឋានានុក្រម​ការងារ ដូច​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ដោយ​មិនត្រូវ​ប្រើ​ឥទ្ធិពល និង​អំណាច​របស់ខ្លួន ដើម្បី​ទាញយក​ផលប្រយោជន៍​ខុស​នឹង​ច្បាប់​ឡើយ ។​

​សូមបញ្ជាក់ថា ស្ទឹងត្រែង​គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ចុង​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ជាមួយ ប្រទេស​ឡាវ ដែលមាន​ភាព​អំណោយផល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ដោយសារ​មាន​ផលិតផល និង​ដំណាំ​សក្តានុពល​ជាច្រើន​ដូចជា ត្រី​ទឹកសាប​ធំៗ (​ប៉ា​សេ​អ៊ី និង​ប៉ា​វ៉ា​) ម្នាស់​ទឹកឃ្មុំ កាហ្វេ ណែម​សាច់​ត្រី ក្រឡាន កាពិ​ផាវ ត្រី​ជូរ និង​ផ្អក​ត្រី​ប្រា ដើម្បី​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ ។

​ខេត្តស្ទឹងត្រែង​ក៏មាន​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ស្រស់ស្អាត ដូចជា ទឹកធ្លាក់​ល្បាក់ខោន ទឹកធ្លាក់​អូរ​ចាប អាង​ត្រី​ផ្សោត​អន្លង់​ស្វាយ​ធំ បូរី​អូរ​ស្វាយ អូរ​ឬ​ស្សី​កណ្តាល កោះ​ព្នៅ និង​ប្រាសាទព្រះធាតុ​ជាដើម ៕​