ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានរំលឹកពីការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមិនលក់ស្ថាប័នគយ ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅអោយក្រុមហ៊ុនឯកជនគ្រប់គ្រង ដោយសម្តេចបានពន្យល់ថា បើសម្តេចធ្វើតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ គឺសំដៅលើធនាគារពិភពលោក កាលពីឆ្នាំ២០០៦ ដែលស្នើសុំអោយលក់ភាគហ៊ុន៥០ភាគរយរបស់ស្ថាប័នគយនោះ ប្រហែលពេលនេះ កម្ពុជា នឹងត្រូវបាត់បង់ចំណូលប្រមាណ១០០លានដុល្លារអាមេរិកក្នុងមួយខែៗ ខណៈដែលចំណូលជាមធ្យមប្រចាំខែរបស់ស្ថាប័នគយ នាពេលបច្ចុប្បន្ន មានប្រមាណ២០រយលានដុល្លារអាមេរិក។ សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។
សម្តេច ចាត់ទុកថា កាលក់ស្ថាប័នគយ គឺជាការលក់អធិបតេយ្យជាតិ ព្រោះស្ថាប័នគយមិនអាចស្ថិតនៅក្រោមការគ្របគ្រងរបស់ ឯកជនបានទេ ហើយស្ថាប័នគយក៏មានភារៈកិច្ចសំខាន់ ក្នុងការបង្ក្រាបបទល្មើសនានា ទាំងលើផ្លូវទឹក និងអាចប្រើអាវុទ្ធយុទ្ធភ័ណ្ឌសម្រាប់ការបង្ក្រាបបទល្មើសលើផ្លូវអាកាសទៀតផង។
សម្តេចបានថ្លែងថា ខ្ញុំព្រះករុណាគ្រាន់តែរំលឹកថា បើកាលពីឆ្នាំ២០០៦ ខ្ញុំសម្រេចចិត្តលក់គយ តាមការជួយផ្ចុងផ្តើមតាមស្ថាប័នហិរញ្ញវត្ថុ នៅពេលនោះ យើងនឹងខាតបង់ចំណូលពាក់កណ្តាល គឺប្រមាណ១០០លានដុល្លារក្នុងមួយខែៗ…ប្រទេសធំៗខ្លះតាំងខ្លួនជាអ្នកសេដ្ឋកិច្ច តែជាក់ស្តែងទើបមានប្រទេស៣ប៉ុណ្ណោះដែលលក់ស្ថាប័នគយរបស់រដ្ឋ៕