អាមេរិក ៖ ប្រទេស អូស្ត្រាលី សម្រេចទិញយានគ្មានមនុស្សសម្រាប់យោធាពី សហរដ្ឋអាមេរិក ចំនួន 6 គ្រឿង មានតម្លៃជាង 5 ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពឈ្លបយកការណ៍ និង ស៊ើបអង្កេតរបស់កងទ័ព អូស្ត្រាលី ក្រោមផែនការបង្កើនការចំណាយពីរភាគរយនៃផលិតផលក្នុងស្រុកសរុបសម្រាប់វិស័យការពារជាតិ ។
យានគ្មានមនុស្សឈ្មោះ MQ-4C Triton ទិញពីក្រុមហ៊ុនផលិតយាន Northrop Grumman ក្នុងមួយគ្រឿងតម្លៃប្រមាណមួយពាន់លានដុល្លារ ។ យានកងទ័ពដែលមានស្លាបដូចទៅនឹងយន្តហោះ Boeing 737 នឹងជួយឲ្យប្រទេស អូស្ត្រាលី នូវសមត្ថភាពឈ្លបយកការណ៍ ដោយយានទាំងនោះអាចយកព័ត៌ពីគ្រប់ទីកន្លែង សម្រាប់ភ្នាក់ងារសម្ងាត់រួមគ្នា 5 ប្រទេស មានរហ្សនាមថា ភ្នែក 5 ដែលមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និង ណូវែលហ្សេឡង់ ដែលជាភ្នាក់ងារមានភារកិច្ចឈ្លបយកការណ៍នៅទូទាំង អាស៊ីអាគ្នេយ៍ និងទ្វីប អង់តាកទិច រហូតដល់មហាសមុទ្រ ឥណ្ឌា និង មហាសមុទ្រ ប៉ាស៊ីហ្វិក ។
ប្រទេស អូស្ត្រាលី នឹងប្រើប្រាស់យានទាំងនោះជាមួយនឹងក្រុមយន្តហោះឈ្លបយការណ៍ P-8 Poseidon ទាំង 12 គ្រឿងរបស់កងទ័ព ។ ទោះយ៉ាងណា យានគ្មានមនុស្សដំបូងនឹងដំណើរការនៅពាក់កណ្ដាលឆ្នាំ 2023 ហើយយានទាំង 6 នឹងដំណើរការនៅចុងឆ្នាំ 2025 ដោយមានមូលដ្ឋាននៅភាគខាងត្បូងប្រទេស អូស្ត្រាលី ។
MQ-4C Triton ស្ថិតក្រោមការស្រាវជ្រាវបន្ថែមរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ។ យានគ្មានមនុស្សនេះ គ្រប់គ្រងដោយមនុស្សនៅមជ្ឈមណ្ឌលបញ្ជាលើដី មានសមត្ថភាពផ្ដល់ព័ត៌មានស៊ើបអង្កេតជាក់លាក់ទាំងទីតាំង និង ពេលវេលា លើដី លើសមុទ្រ និងព្រៃភ្នំ ព្រមទាំងប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក បានសាងសង់យានប្រភេទនេះចំនួន 68 គ្រឿង ៕