ណាតូ ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងឬ NATO ចាប់ផ្ដើមសមយុទ្ធយោធាប្រឆាំងនាវាមុជទឹកនៅភាគខាងជើងប្រទេស Norway មិនឆ្ងាយប៉ុន្មានពីទីកន្លែងដែលប្រទេស រុស្ស៊ី ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ ។ ចំណែកសមយុទ្ធរបស់ Norway មានគោលដៅបង្កើនសមត្ថភាពដេញតាមនាវាមុជទឹក រុស្ស៊ី ក្នុងសមុទ្រឆ្ងាយពីឧបទ្វីប Kola ជាសមយុទ្ធមានរហស្សនាមថា Dynamic Mongoose ឬ ចលនាសត្វស្កា គឺជាការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ NATO ចាប់ផ្ដើមកាលពីថ្ងៃ ច័ន្ទ នឹងបន្តរហូតដល់ថ្ងៃទី 6 កក្កា ។
Dynamic Mongoose ឬ ចលនាសត្វស្កា ចូលរួមដោយនាវាប្រយុទ្ធ យន្តហោះតាមដានផ្លូវទឹក នាវាមុជទឹកពីរគ្រឿង មកពីប្រទេស ដាណឺម៉ាក អាល្លឺម៉ង់ ប៉ូឡូញ ហុល្លង់ អេស្បាញ ទួរគី អាមេរិក និងកងកម្លាំងរបស់ ន័រវ៉េ ។ NATO បញ្ជាក់ថា សមយុទ្ធនេះ ធ្វើឡើងដើម្បីផ្ដល់ឲ្យកងកម្លាំងដែលចូលរួមនូវសមត្ថភាពក្នុងសមរភូមិដែលស្មុគស្មាញ បង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសជាសមាជិក និងបង្កើនប្រសិទ្ធិភាពជំនាញប្រឆាំងនាវាមុជទឹក ។
ទោះយ៉ាងណា Dynamic Mongoose ឬ ចលនាសត្វស្កា របស់ NATO តែងធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងដែនសមុទ្ររបសប្រទេសជាសាជិក ប៉ុន្តែក្នុងឆ្នាំ 2018 នេះ Dynamic Mongoose ឬ ចលនាសត្វស្កា ត្រូវបានសម្រេចធ្វើនៅក្បែរទីតាំងដែលកងទ័ពជើងទឹកភាគខាងជើងរបស់ រុស្ស៊ី ធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល 10 ឆ្នាំ ។
សកម្មភាពនាវាមុជទឹករបស់ រុស្ស៊ី កើនឡើងជាលំដាប់ក្នុងរយៈពេល 10 ឆ្នាំកន្លងទៅនេះ ដោយរដ្ឋាភិបាលទីក្រុង មូស្គូ បញ្ជូននាវាមុជទឹកនៅកាន់តំបន់សមុទ្រខាងជើងកាន់តែច្រើន ហើយធ្វើសកម្មភាពកាន់តែយូរនៅអាត្លង់ទិចខាងជើង ពិសេសក្រោយពីកងទ័ពជើងទឹកភាគខាងជើង រុស្ស៊ី ធ្វើទំនើបកម្មក្នុងនោះមានការបន្ថែមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង ។ បច្ចុប្បន្នប្រទេស រុស្ស៊ី កំពុងសាងសង់នាវមុជទឹក 13 គ្រឿងបន្ថែមទៀត ហើយមួយចំនួនសាងសង់រួចរាល់ និងកំពុងសាកល្បង៕