អាមេរិក ៖ ភ្លើងឆេះព្រៃដែលរាលដាលយ៉ាងឆាប់រហ័សនៅភាគខាងជើងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបំផ្លាញសំណង 22 កន្លែង និងកំពុងបន្តឆាបឆេះកាន់តែលឿនដោយសារខ្យល់បោកបក់ខ្លាំង រួមជាមួយនឹងអាកាសធាតុក្ដៅ បង្ខំឲ្យមនុស្សប្រមាណ 3 ពាន់នាក់ភៀសខ្លួន ។
ភ្លើងឆេះព្រៃចាប់ផ្ដើមឆាប់ឆេះកាលពីថ្ងៃ សៅរ៍ ក្បែរឧទ្យានជាតិ Mendocino ចម្ងាយជាង 100 គីឡូម៉ែត្រពីទីក្រុង Sacramento បានបំផ្លាញដីព្រៃជាង 3 ពាន់ហិចតា និងគំរាមដល់សំណងយ៉ាងតិច 600 ផ្សេងទៀតដែល ។ អភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Jerry Brown បានប្រកាសអាសន្នតំបន់ Lake County ជាកន្លែងដែលមានភ្លើងឆាបឆេះខ្លាំង និងបញ្ជូនកងកម្លាំងទៅកាន់តំបន់នោះដើម្បីទប់ស្កាត់ការឆេះរាលដាល ។ លោកអភិបាលរដ្ឋនិយាយថា ភ្នាក់ងារគ្រប់គ្រងភាពអាសន្នបានចូលរួមជួយដល់បុគ្គលិកពន្លត់អគ្គិភ័យជាង 200 នាក់ ។
កាលពីខែ តុលា ឆ្នាំមុន ភាគខាងជើងរដ្ឋ California ជួបនឹងមហន្តរាយភ្លើងឆេះព្រៃធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ជាពេលដែលភ្លើង 21 កន្លែងបានបំផ្លាញសហគមន៍ជាច្រើនក្នុងតំបន់ Napa, Lake, Sonoma, Mendocino, Butte, and Solano ភាកច្រើនស្ថិតនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ អគ្គិភ័យឆ្នាំមុន គឺជាភ្លើងឆេះព្រៃដែលបំផ្លាញច្រើនបំផុតគិតជាទឹកប្រាក់ជិត 10 ពាន់លានដុល្លារ ចំណែកផលប៉ះបាល់សេដ្ឋកិច្ចមានទឹកប្រាក់ជាង 80 ពាន់លាន៕