ថៃ ៖ កងកម្លាំងពិសេស ថៃ ដែលមានឈ្មោះថា Navy SEAL បានចូលរួមក្នុងប្រតិបត្តិការស្វែងរកមនុស្ស 13 នាក់ ដែលមានក្មេង12 នាក់ បាត់ខ្លួនក្នុងរូងភ្នំខេត្ត ឈៀងរ៉ៃ ក្រោយពីពួកគេចូលទៅក្នុងរូងភ្នំ ថាមលឿងណាងណុន កាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន ប៉ុន្តែមិនអាចចេញមកវិញបាន ដោយសារទឹកជំនន់ជន់លិចមាត់ច្រករបស់រូងភ្នំ ។
មនុស្សទាំង 13 នាក់ មានសមាជិកក្រុមបាល់ទាត់ក្មេងៗ 12 នាក់ មានអយុច្រើនបំផុត 15 ឆ្នាំ និង គ្រូបង្វឹកម្នាក់អាយុ 25 ឆ្នាំ បានចូលទៅក្នុងរូង ដោយទុកកង់ចំនួន 11 គ្រឿងនៅខាងក្រៅ ហើយលូនឆ្លងកាត់ច្រកតូចមួយមានប្រវែង 15 ម៉ែត្រ ប៉ុន្តែភ្លៀងខ្លាំងធ្វើឲ្យមានទឹកជំនន់ជន់ជម្រៅ 5 ម៉ែត្រលិចច្រកតូចនោះ ។ អាជ្ញាធរបញ្ជាក់ថា រូងភ្នំ ថាមលឿងណាងណុន មានប្រវែងប្រមាណ 8 ម៉ែត្រ ។
កងកម្លាំងពិសេស ថៃ ឬ Navy SEAL 17 នាក់ បានមុជទឹកព្យាយាមស្វែងរកច្រកចូលទៅខាងក្នុងជាកន្លែងមានរូងស្មុគស្មាញច្រើន ប៉ុន្តែមន្ត្រីឧទ្យានជាតិបញ្ជាក់ថា បំណងស្វែងរកច្រកផ្លូវក្នុងរូងភ្នំដែលលិចក្នុងទឹកបរាជ័យ ដោយសារច្រកផ្លូវតូចពេក ហើយទឹលលិចធ្វើឲ្យច្រកចូលទៅខាងក្នុងកប់ដោយដីខ្សាច់ និង ភក់ ។ មន្ត្រីនិយាយថា កន្លងមកអ្នកទេសចរធ្លាប់ជាប់នៅខាងក្នុងដោយសារទឹកជំនន់ ប៉ុន្តែត្រូវបានសង្គ្រោះក្រោយពីទឹកស្រក ដោយរង់ចាំជាច្រើនថ្ងៃ ។ នៅខាងក្រៅមាត់រូងមានស្លាកសញ្ញាព្រមានមិនឲ្យចូលទៅខាងក្នុង ក្នុងរដូវភ្លៀង ព្រោះមានប្រព័ន្ធទឹកហូរក្នុងរូងភ្នំដែលមានច្រកចេញចូលច្រើន ដែលអាចមានទឹកជំនន់គ្រប់ពេលប្រសិនបើមានភ្លៀងខ្លាំង ។ មន្ត្រីព្រួយបារម្ភថា ភ្លៀងធ្លាក់បន្ថែមទៀតនឹងធ្វើឲ្យកម្រិតទឹកក្នុងរូងភ្នំកាន់តែខ្ពស់ ហើយប្រតិបត្តិការជួយសង្គ្រោះក៏កាន់តែលំបាក ។
ទោះយ៉ាងណា អាជ្ញាធរជឿថា អ្នកទាំងនោះនៅរស់ ព្រោះទឹកជំនន់មិនលិចរូងភ្នំទាំងស្រុងឡើយ ។ Navy SEAL បានចុះផ្សាយក្នុងគេហទំព័រថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឲ្យកម្រិតទឹកឡើងជាលំដាប់ ហើយពួកគេបានរកឃើញស្នាមដៃនៅតាមជញ្ជាំងរូង ប៉ុន្តែនៅមិនទាន់រកឃើញមនុស្សនៅឡើយ៕