សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​មន្ត្រី​សន្តិសុខ​មី​យ៉ាន់​ម៉ា 7​នាក់ ពាក់ព័ន្ធ​អំពើហិង្សា​លើ​ពួក រ៉ូ​ហ៊ី​ន​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2018 ក+ ក-

 

​មី​យ៉ាន់​ម៉ា ៖ សហភាព​អឺរ៉ុប ដាក់បញ្ចូល​មន្ត្រី​សន្តិសុខ មី​យ៉ាន់​ម៉ា 7 នាក់ ទៅក្នុង​បញ្ជី​ទណ្ឌកម្ម ចំពោះ​ការជាប់​ពាក់ព័ន្ធ​របស់​អ្នក​ទាំងនោះ ក្នុង​អំពើហិង្សា​ទៅលើ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ដោយ​មន្ត្រី សហភាព​អឺរ៉ុប បញ្ជាក់ថា ទណ្ឌកម្ម​ចំពោះ​មន្ត្រី​សន្តិសុខ​ទាំង 7 រូប នឹង​រួម​ប​ញ្ជូ​ល​ទាំង ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ចូល សហភាព​អឺរ៉ុប ។ ប្លុក​ធំ​បំផុត​លើ​ពិភពលោក​នេះ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រទេស​ជា​សមាជិក​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស មី​យ៉ាន់​ម៉ា និង​ហាមប្រាម​សហប្រតិបត្តិការ​យោធា​មួយចំនួន​រវាង​ប្រទេស​ក្នុង សហភាព​អឺរ៉ុប និង មី​យ៉ាន់​ម៉ា ដូចជា​ការហ្វឹកហ្វឺន​ក​ង​ទ័ព​ជាដើម ។​

នេះ​ជា​ទណ្ឌកម្ម​ដំបូង​របស់ សហភាព​អឺរ៉ុប ចំពោះ​មន្ត្រី មី​យ៉ាន់​ម៉ា ចាប់តាំងពី​ផ្អាក​ទណ្ឌកម្ម​ក្រោយ​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​កើតឡើង​ក្នុងប្រទេស មី​យ៉ាន់​ម៉ា ប៉ុន្តែ​អំពើហិង្សា​របស់​កងទ័ព​ចំពោះ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ញ៉ាំង​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ចំណែក អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក ហៅ​ប្រតិបត្តិការ​យោធា​ក្នុង​រដ្ឋ រ៉ា​ក់​ខា​ញ ប្រទេស មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ 2017 ថា​ជាការ​បោ​សម្អាត​ជនជាតិភាគតិច ។​

​កាលពី​ខែ ធ្នូ ឆ្នាំ 2017 សហរដ្ឋអាមេរិក បន្ត​ដាក់ទណ្ឌកម្ម​ប្រទេស មី​យ៉ាន់​ម៉ា ឡើងវិញ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅពេលនោះ ចំណែក​ប្រទេស កាណាដា ក៏បាន​ដាក់ទណ្ឌកម្ម​ផងដែរ ក្រោយ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា 10 ត្រូវបាន​គេ​សម្លាប់​កប់​ក្នុង​រណ្ដៅ​សាកសព​តែមួយ ក្នុងភូមិ អ៊ី​ន​ឌី​ន ប្រព្រឹត្ត​ដោយ​ទាហាន និង អ្នកភូមិ​ដែល​គាំទ្រ​ប្រតិបត្តិការ​យោធា ។ កា​សម្លាប់​មនុស្ស 10 នាក់​កប់​ក្នុង​រណ្ដៅ​សាកសព​តែមួយ ជា​ផ្នែក​មួយ​នៃ​រឿងអាស្រូវ​ក្នុង​រដ្ឋ រ៉ា​ក់​ខា​ញ និង​ជា​មូល​ហេតុដែល​អាជ្ញាធរ​ចាប់ខ្លួន​ភ្នាក់ងារ​សារព័ត៌មាន​បរទេស​ពីររូប ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​នោះ​៕