អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ដែល​កំពុង​ជាប់ឃុំ​ត្រូវបាន​ដំឡើង​ឋានៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2018 ក+ ក-

​ភ្នំពេញ ៖ អ​តី​តៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ថា​នៈ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ បើទោះបីជា​លោក​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្ដី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅលើ​ស្រី​កំណាន់​របស់ខ្លួន និង​កំពុង​ត្រូវ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​យ៉ាងណាក្តី​។​

​ព្រះរាជក្រឹត្យ​ដែល​ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នា២០១៨ នេះ បាន​ធ្វើឡើង​យោងតាម​សេចក្ដីក្រាបបង្គំទូលថ្វាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​ដល់​មន្ត្រីរាជការ ១៧៩​រូប ក្នុង​ថា​នន្តរ​ស័ក្តិ «​ឧ​ត្ត​ម​មន្ត្រី​» នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ចំណោម​មន្ត្រី​ដែល​តែងតាំង​ទាំង​១៧៩​នាក់​នោះ គេ​ឃើញ​មានឈ្មោះ លោក ឡាយ វណ្ណៈ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៤៧ ត្រូវបាន​ដំឡើង​តំណែង​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ថ្នាក់​លេខ​៣ ផងដែរ​។​

​បន្ទាប់ពី​ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​ចែក​ផ្សាយ មាន​មហាជន​ជាច្រើន​បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ព្រោះ​គេ​ឃើញ​ឈ្មោះ​លោក ឡាយ វណ្ណៈ ម្នាក់​នៅក្នុង​ការដំឡើង​ឋានៈ​នោះ ខណៈដែល​លោក​កំ​ពុ​ងា​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​PJ​ជា​បណ្ដោះអាសន្ន​នៅឡើយ ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​ទៅលើ​ស្ត្រី​កំណាន់​របស់ខ្លួន​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ជា​អភិបាល​ខេត្តតាកែវ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុង​ដូន​កែវ កាលពី​ថ្ងៃអាទិត្យ​ទី​១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ីម បន្ទាប់ពី​បានចេញ​ពី​ពិធី​ផ្ទេរតំណែង​របស់លោក​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​ទៅ​ឲ្យ​លោក អ៊ូច ភា ដែលជា​អភិបាលខេត្ត​ថ្មី​។ លោក ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ត្រូវបាន​ព្រះរាជអាជ្ញារង​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​មនុស្សឃាត ហើយ​បើសិនជា​ចៅក្រម​ស៊ើបសួរ​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក និង​បងប្រុស​អាច​ជាប់ពន្ធនាគា​រ​ពី​១០ ទៅ​១៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នេះ​មាន​ជនសង្ស័យ ៥​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​ង​ខេត្តតាកែវ និង​ជា​បងប្រុស​លោក ឡាយ វណ្ណៈ ,​ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបម្រើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​រងគ្រោះ ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​។ ខណៈនោះ ក្រោយ​ការ​សួរ មាន​នាំ​មនុស្ស​២​នាក់​ត្រូវបាន​ដោះលែង​អោយទៅ​ផ្ទះ​វិញ​។​

​នៅ​មុនពេល​ចាប់ខ្លួន​លោក ឡាយ វណ្ណៈ បានទទួល​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ស្ត្រី​មេម៉ាយ​កូន ៣ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ពិតមែន ហើយ​លោក​ក៏បាន​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាច្រើន​សន្លឹក​ជាមួយ​ស្ត្រី​មេម៉ាយ​រូបនេះ​ផងដែរ​។ ទោះយ៉ាងណា លោក​បាន​បដិសេធថា លោក និង​បងប្រុស​របស់លោក មិនបាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​នោះទេ​។​ប៉ុន្តែ​លោក​ថា ការស្លាប់​របស់​នាង ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មកពី​ការធ្វើអត្តឃាត​ដែល​លោក​អះអាងថា នាង​បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ជាច្រើនលើក​រួចមកហើយ​។​

គេ​នៅ​ចាំបាន​ថា នៅមុន​ពេល​ត្រូវ​ចាប់ខ្លួន លោក ឡាយ វណ្ណៈ សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​សូមបញ្ជាក់​អះអាងថា រូបខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់គ្នា ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​! ក្រោយមក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់​ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ រហូតដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​! នេះ​ជា​រឿង​ពិត​! អ្វីដែល​ខ្ញុំ​ធ្វើ​ខុសឆ្គង ខ្ញុំ​ហ៊ាន​ទទួល​»៕