ស្ទឹងត្រែង ៖ បុរស៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក អ៊ិចស្ដាហ្ស៊ី ចំនួន១២០ដុំស្មើនឹង ១២០គីឡូក្រាមនៅតំបន់ច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង២ ៖ ៣៥នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមលោក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដែលដឹកនាំការបង្ក្រាបនេះ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប្រតិបត្តិការណ៍ភ្លាមៗ។
លោកបញ្ជាក់ថា ក្នុងការបង្ក្រាបនេះ ប៉ូលិសអន្តោប្រវេសន៍បានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន៣នាក់ដែលពួកគេបាននាំចេញពីប្រទេសឡាវ ចូលប្រទេសមកកម្ពុជាដោយតាមរថយន្តក្រុងឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ ឃុន សំបូរ បានបញ្ជាក់ទៀតថា ករណីនេះ ត្រូវបន្តធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធផ្សេងទៀត ហើយថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រគល់ជនសង្ស័យទាំង៣នាក់ ទៅឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោកអភិបាលខេត្ត ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕