នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រដោយប្រទេសចិន ពង្រីកការផ្តល់ហិរញ្ញប្បទាន ដល់បណ្តាប្រទេសជាសមាជិក រហូតដល់ 40 ពាន់លានដុល្លារ នៅឆ្នាំ 2020 ។
លោកម៉ូឌីបាននិយាយថា វាជាការចាប់ផ្តើមដ៏ល្អមួយ ដែលធនាគារ AIIB បានអនុម័តគម្រោងចំនួន 25 នៅក្នុងបណ្តាប្រទេសជាច្រើន ដែលមានហិរញ្ញប្បទានសរុប ចំនួនជាង 4 ពាន់លានដុល្លារ។ ដោយលើកឡើងពីតម្រូវការសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ក្រុមដែលមានសមាជិកចំនួន 87 ប្រទេស នោះលោកម៉ូឌីបានអំពាវនាវឱ្យធនាគារ AIIB ពង្រីកការផ្តល់ប្រាក់កម្ចីដល់ទៅ 10 ពាន់លានដុល្លារ នៅឆ្នាំ 2020 និង 100 ពាន់លានដុល្លារ នៅត្រឹមឆ្នាំ 2025 ។
ប្រទេសចិន គ្រោងនឹងវិនិយោគទឹកប្រាក់ជាង 100 ពាន់លានដុល្លារ តាមរយៈគម្រោងខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីសាងសង់ផ្លូវហាយវ៉េ ផ្លូវដែក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលភ្ជាប់ តំបន់អាស៊ីអាគ្នេយ៍ តំបន់អឺរ៉ុប និងអាហ្វ្រិក។
លោកម៉ូឌីក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះការរួមបញ្ចូលគ្នានៃសារពើពន្ធ ហើយបាននិយាយថា មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពរឹងមាំ នៅក្នុងកម្រិតវិនិយោគទុនបរទេស។ ទន្ទឹមនឹងនេះដែរ ប្រធានធនាគារ AIIB លោក Jin Liqun បានជំរុញឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ ទប់ទល់នឹងការការពារនិយម និងលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក បើកចំហ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាម្ចាស់ភាគហ៊ុនធំបំផុតទី 2 របស់ធនាគារ AIIB និងជាអ្នកទទួលធំបំផុត នៃមូលនិធិរបស់ធនាគារ។ ប្រាក់កម្ចីរបស់ធនាគារ AIIB រួមមានការសន្យា ទឹកប្រាក់ ចំនួន 200 លានដុល្លារ សម្រាប់មូលនិធិវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធជាតិឥណ្ឌា ដើម្បីចំណាយលើផ្លូវ លំនៅដ្ឋាន និងការអភិវឌ្ឍទីក្រុង ហើយធនាគារនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលឥណ្ឌា សម្រេចចិត្តប្រើ ថវិការទាំងនេះ។