ភ្នំពេញ ៖ កម្ពុជា ឆ្នាំ២០១៧ បាននាំចេញកង់ល្អបំផុតទៅប្រទេសទាំង២៨ នៃសហភាពអ៉ឺរ៉ុប ដែលបានជំរុញឲ្យកម្ពុជាបានក្លាយជាប្រទេសនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារ ដោយជំនួសតំណែងទី១ របស់កោះតៃវ៉ាន់ ដែលជាអ្នកនាំចេញកង់ច្រើនជាងគេទៅ EU អស់រយៈពេលជាង ២០ឆ្នាំ ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍ថ្មីមួយរបស់គេហទំព័រ Bike-EU.com ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា នេះ បង្ហាញថា ប្រទេសកម្ពុជា បាននាំចេញកង់ចំនួនជាង១លាន៤សែន២ម៉ឺនគ្រឿង នៅក្នុងឆ្នាំ២០១៧ ទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប ដែលមានប្រទេសទាំង២៨។ ចំនួននាំចេញកង់នេះបានកើនឡើង ៩ ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ដែលមានចំនួនជិត ១លាន៣សែនគ្រឿង។
ចំណែក កោះតៃវ៉ាន់ដែលជាអ្នកនាំចេញកង់លេខមួយទៅ EU កន្លងមកបាន ធ្លាក់ចុះ១៥ ភាគរយ មកនៅត្រឹមជាង១លាន៣សែន ក្នុងឆ្នាំ២០១៧ គឺបរិមាណនាំចេញបានថយចុះជាងកាលពីឆ្នាំ២០១៦ ដែលមាន ១លាន៥សែន៦ម៉ឺន គ្រឿង។ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ថា ការផលិតកង់របស់កម្ពុជាបានផ្លាស់ប្តូរជាបណ្ដើរៗពីការនាំចូលគ្រឿងបន្លាស់សម្រាប់ការដំឡើងទៅជាឧស្សាហកម្មមួយដែលផលិតគ្រឿងផ្គុំក្នុងស្រុកកាន់តែច្រើន។
វិធានការនេះបានជួយកម្ពុជាអាចបំពេញលក្ខខណ្ឌតម្រូវពីសហភាពអឺរ៉ុប ដើម្បីនាំចេញកង់ដោយរួចពន្ធ។ កង់ដែលផលិតនៅកម្ពុជាអាចចូលទៅសហភាពអឺរ៉ុបដោយរួចពន្ធ ដោយសារការកែសម្រួលលក្ខខណ្ឌច្បាប់ដែលធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៤ ដែលតម្រូវឲ្យមានគ្រឿងផ្គុំ៣០ ភាគរយផលិតនៅកម្ពុជា ទើបអាចនាំចេញទៅEU ដោយស្ថិតក្នុងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ការអនុគ្រោះពន្ធនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនដាក់បញ្ចូលគ្រឿងបន្លាស់ពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរីជាគ្រឿងផ្គុំក្នុងស្រុក។ ប៉ុន្តែការលើកលែងគ្រឿងផ្គុំក្នុងស្រុកអប្បបរមាត្រូវផុតកំណត់កាលពីឆ្នាំ២០១៧ ទើបរាជរដ្ឋាភិបាលកំពុងស្វែងរកការបន្តរយៈពេល ៣ឆ្នាំទៀតដើម្បីការពារឧស្សាហកម្មនេះ។
ភាគច្រើននៃក្រុមហ៊ុនផលិតកង់ទាំងអស់នៅកម្ពុជាមកពីកោះតៃវ៉ាន់ ហើយមានការិយាល័យកណ្ដាលនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនផលិតកង់ចំនួន៥ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕