ភ្លៀង​ធ្លាក់​ខ្លាំង ផ្អាក​ការ​តាមរក​ក្រុម​កីឡាករ​ក្មេងៗ​ថៃ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​នៅ​ខេត្ត​ឈៀង​រ៉ៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2018 ក+ ក-

​ថៃ ៖ ការស្វែងរក​ក្រុម​កីឡាករ​បាល់ទាត់​ក្មេងៗ​១២​នាក់ និង​គ្រូ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ ថា​ម​លួង ក្នុង​ខេត្ត​ឈៀ​រ៉ៃ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​នៅ​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ ដោយសារ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​មានការ​ពិបាក​ដល់​ក្រុម​សង្គ្រោះ​មិនអាច​រុលទៅមុខ​តាម​រូងភ្នំ​ដែលមាន​ប្រវែង​ប្រមាណ​១០ គីឡូម៉ែត្រ​នោះ​ទៀតបាន​។​

​កាសែត Bangkok Post បាន​រាយការណ៍​ថា ខណៈ​នេះ ( ម៉ោង​១០ យប់ ថ្ងៃទី​២៨ មិថុនា​) ឧបករណ៍​រុករក​ខួង និង​បូមទឹក ត្រូវបាន​យកចេញ​ពី​រូងភ្នំ​សិន ដោយ​ត្រូវ​រង់ចាំ​កម្រិត​ទឹកជំនន់​ស្រក​ចុះ ទើប​ប្រតិបត្តិ​ការសង្គ្រោះ​អាច​បន្តទៅទៀត​បាន​។​

​សូ​មម្រាប​ថា គិត​ត​មកដល់​ថ្ងៃនេះ សមាជិក​កីឡាបាល់ទាត់​ដែលមាន​ក្មេងៗ​១២​នាក់ (​អាយុ​ពី ១១​ឆ្នាំ ដល់ ១៦​ឆ្នាំ​) និង​គ្រូបង្វឹក​ម្នាក់​អាយុ ២៥​ឆ្នាំ បាន​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​ខាងលើ​អស់​រយៈពេល​៥​ថ្ងៃ​មកហើយ ខណៈដែល​ក្រុម​អ្ន​ជំនាញ​ភូមិសាស្ត្រ​ជឿជាក់ថា ពួកគេ​បាន​រុលចូល​យ៉ាងជ្រៅ​ទៅក្នុង​រូងភ្នំ​ដែលមាន​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ ហើយ​ទំនងជា​ដោយសារតែ​ផ្លូវ​ដែល​ពួកគេ​ត្រូវ​ចេញមក​វិញ​នោះ ត្រូវបាន​ទឹក​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ពួកគេ​បន្ត​រុលទៅមុខ​ទៀត​។ បើតាម​ប្រវត្តិ​នៃ​រូបថត​មួយចំនួន​របស់​ក្រុម​ក្មេងៗ​កីឡាករ​ទាំងនេះ គឺ​ពួកគេ​ធ្លាប់​ទៅកាន់​ទីនោះ​កាលពី​ចុងឆ្នាំ​២០១៦​។​

​កាសែត បាងកក​ប៉ុស្តិ៍ បន្តថា នៅ​ល្ងាច​ថ្ងៃទី​២៨ ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ ដើម្បី​ពិនិត្យ​សកម្មភាព​នៃ​ការជួយ​សង្គ្រោះ និង​លើកទឹកចិត្ត​សមាជិក​ក្រុមគ្រួសារ​នៃ​មនុ​ស្សទាំង ១៣​នាក់ ដែល​កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រុម​សង្គ្រោះ​។​
​យ៉ាងណាក៏ដោយ រហូតមក​ទល់នឹង​យប់​ថ្ងៃទី​២៨ ខែមិថុនា នេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ដដែល ហើយ​មិនទាន់មាន​តម្រុយ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ តែ​ក្រុម​សង្គ្រោះ​ដែលមាន​ទាំង​អ្នកជំនាញ​មកពី​អង់គ្លេស និង​អាមេរិក​ផងដែរ បានសម្រេច​ផ្អាក​ការរុករក​សិន​ដោយសារតែ​ភ្លៀង​ក្នុង​តំបនភ្នំ ថា​ម​លួង ខេត្ត​ឈៀង​រ៉ៃ បាន​បន្ត​ធ្លាក់​ខ្លាំង​ជាថ្មីទៀត​៕​