ភ្នំពេញ ៖ ការកកស្ទះចរាចរណ៍នៅតែបញ្ហាធំមួយសម្រាប់ប្រជាពលរដ្ឋរស់រាជធានីភ្នំពេញ ដែល តម្រូវឲ្យរកវិធីដោះស្រាយបន្ទាន់។ ឆ្លើយតបចំពោះបញ្ហានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីបានបង្ហាញនូវមហិច្ចតា ក្នុងការសាងសង់ស្ពាន អាកាសបន្ថែមទៀត ដើម្បីរំដោះចរាចរណ៍ ក្នុង ក្រុង កាត់បន្ថយការកកស្ទះចរាចរ ណ៍ តាមរយៈយុទ្ធសាស្ត្រយកក្រុងចិញ្ចឹមក្រុង។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូល ចោមចៅ នៅព្រឹកថ្ងៃសុក្រទី២៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានបង្ហាញនូវមហិច្ចតារបស់រាជរដ្ឋាភិបាល ក្នុងការបន្តសាងសង់ស្ពានអាកាស បន្ថែមទៀត ជាមួយនឹងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងដំណាក់កាលទី៣នាពេលខាងមុខ ដើម្បីសម្រួល ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
ការកកស្ទះបានក្លាយជាបញ្ហាប្រឈមមួយ នៅក្នុងក្រុង នៅគ្រាដែលកំណើនប្រជាជនចេះតែ កើនឡើង ជាមួយនឹងវត្តមាន យាន្តយន្តជាង២លានគ្រឿងក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពល រដ្ឋរអ៊ូរទាំ រៀងរាល់ថ្ងៃ។
បើតាមសម្តេចតេជោ តាមរយៈយុទ្ធសាស្ត្រយកក្រុងចិញ្ចឹមក្រុង រឺយុទ្ធ សាស្ត្រ យកស្លឹកត្នោតខ្ចប់ស្ករត្នោតបានធ្វើឲ្យសមិទ្ធផលជាស្ពានអាកាសចំ នួន៥ហើយត្រូវ បាន លេចចេញជារូបរាង ក្នុងនោះស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា ស្ពានអាកាស៥មករា និងស្ពានអា កាសផ្សារដីហុយ ដែលនឹងត្រូវសម្ពោធនៅថ្ងៃទី០២ កក្កដាខាងមុខនេះ។
ក្រៅពីមហិច្ចតានៃការសាងសង់ស្ពានអាកាស សម្តេចតេជោបានបញ្ជាក់ថា រាជ រដ្ឋាភិបាល បានស្នើទៅជប៉ុនដើម្បីសិក្សាក្នុងការសាងសង់រថភ្លើងលើអាកាសចាប់ពីរាជធានីម្តុំផ្សារថ្មីដល់ព្រលានយន្តហោះ។ ទន្ទឹមនឹងនោះសម្តេចក៍បានស្នើសុំ ទៅកាន់ភាគីចិនដើម្បីធ្វើការសាងសង់ផ្លូវ ក្រវ៉ាត់ ក្រុងដំណាក់កាលទី៣បន្ថែមទៀត គោលបំណងតែមួយគឺបម្រើផលប្រយោជន៍ប្រជាជន និងកាត់ បន្ថយការស្ទះ ចរាចរណ៍។
គួរបញ្ជាក់ថា សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើប្រាស់ថវិកា សាង សង់ ២២លានដុល្លារអាមេរិក។តាមគម្រោងស្ពានអាកាស និងផ្លូវក្រោមដី នឹងប្រើរយៈពេលសាង សង់ ៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០៕