កងទ័ព ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2018 ក+ ក-

 

​បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ ខេត្ត បាត់ដំបង បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ ទី​៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី​។​​ពិធី​អបអរសាទរ​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ នេះ ត្រូវបាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ ចូលរួម​ពី​សំណាក់​នាយទាហាន នាយទាហានរង និង ពលទាហាន យោធភូមិភាគ​ទី ៥ ចំនួន ២០៨៨​នាក់​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បានឱ្យដឹងថា ៖ យោធភូមិភាគ​ទី​៥ មាន​ចំនួន​៤​ខេត្ត​រួមមាន​៖ ខេត្តបាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្តពោធិ៍សាត់​, ខេត្ត បន្ទាយមានជ័យ​។ ក្នុង​រយៈពេល​៣០​ឆ្នាំ កន្លងទៅនេះ យោធភូមិភាគ​ទី ៥ បាន​បង្កើត​នូវ​ស្នាដៃ ធំៗ​ជាច្រើន​ជូន​ប្រទេសជាតិ ក្នុង​កិច្ចការ​ការ ពារ​សន្តិសុខ និង ការពារ​បូរណភាព​ទឹកដី ការងារ ហ្វឹកហ្វឺន ការកសាង​អង្គភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង និង ការងារ​មនុស្សធម៌ និង កិច្ចការ​សង្គម ។​
​នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី ២៨ ខែមិថុនា ២០១៨ នាឱកាស​នោះ យោធភូមិភាគ​បាន រៀបចំ ធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា ដែលមាន​ចំនួន ២៩ ផែន ដែលមាន​ផែន​ដើរ ផែន​គ្រឿងចក្រ បង្ហាញជូន ភ្ញៀវ​ទស្សនា​ផង​ដែល ។​

​ថ្លែង​ទៅកាន់​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយ​ទា​ហន​រង និ ង​ពលទាហាន ក្នុង​យោធភូមិភាគ​ទី ៥ ទាំងអស់ ដែល​ក្នុង​រយៈ ពេល ៣០ កន្លងមកនេះ បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ កម្ពុជា រហូត ដណ្តើមបាន​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​ជាតិ មាតុភូមិ ។

សម្តេច​បាន​ជំរុញ​ដល់​នាយទាហាន នាយ ទាហាន​រង និង​ពលទាហាន យោធ​ភ​មិ​ភាគ​ទី ៥ ទាំងអស់​ត្រូវ​បន្ត​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព ហើយ​មិន​ថា​កាលៈទេសៈ​ណា​នោះទេ​ត្រូវ​កំចាត់​ចោល​នូវ​រាល់​បុគ្គល​ណា ដែលមាន​ចេតនា ចង់ បំ​ផ្លិត​បំផ្លាញ​ជាតិ​នោះ ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ជំរុញ​ឱ្យ​គ្រប់​បណ្តា​អង្គភាព យោធភូមិ ភាគ​ទី ៥ ត្រូវ​បន្ត​ការកសាង​ធនធានមនុស្ស តាមរយៈ​ការងារ​ហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​កងទ័ព ដើម្បីឱ្យ​កងទ័ព​កាន់​តែមាន​សមត្ថភាព​ខ្ពស់ ក្នុង​កិច្ចការ​បំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ ។ ដោយ​យោធភូមិភាគ​ទី ៥ បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានប្រកាស​ក្នុង​ពិធី​នោះ អំពី​ការយក​ទីតាំង​ខេត្ត ប៉ៃលិន សំរាប់ធ្វើ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ ដើម្បី​ទុកជា​និមិត្តរូប នៃ សន្តិភាព​ទៅ​ថ្ងៃ​អនាគត ។ ជា​ចុងក្រោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​បាន​ជំរុញ​ដល់​នាយ ទាហាន នាយ​ទា​ហន​រង និ ង​ពលទាហាន យោធ​ភ​មិ​ភាគ​ទី ៥ ទាំងអស់​ឱ្យទៅ​ចូលរួម​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត ដើម្បី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ របស់​ប្រទេស​អោយ​កាន់តែ​មានការ​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​៕​