ទីបំផុត សង្គ្រាមផ្លូវច្បាប់ រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ជុំវិញករណីការចម្លងការរចនាម៉ូដទូរស័ព្ទ iPhone រយៈពេលជាច្រើនឆ្នាំមកហើយ ត្រូវបានបញ្ចប់ ដោយតុលាការអាមេរិកបានចេញបញ្ជាឲ្យក្រុមហ៊ុន Samsung បង់ប្រាក់ឲ្យក្រុមហ៊ុន Apple ជិត៥៤០ លានដុល្លារអាមេរិក
ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេក្នុងពិភពលោក បានប្តឹងប្តល់គ្នាជុំវិញការលួចចម្លងការរចនាម៉ូដទូរស័ព្ទiPhone រយៈពេល៧ឆ្នាំមកហើយ។
ប៉ុន្តែយោងតាមឯកសាររបស់តុលាការអាមេរិកកាលពីថ្ងៃពុធ បញ្ជាក់ថាសង្គ្រាមដណ្តើមប៉ាតង់រវាងក្រុមហ៊ុនយក្សទាំងពីរនេះ បានឈានដល់ការបញ្ចប់ជម្លោះហើយ បន្ទាប់ពីចៅក្រមតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យក្រុមហ៊ុន Samsung បង់ប្រាក់ឲ្យក្រុមហ៊ុន Apple ប្រហែល ៥៣៩ លានដុល្លារដោយសារការចម្លងលក្ខណពិសេសប៉ាតង់ទូរស័ព្ទ iPhone។
ទោះជាយ៉ាងណា ចំពោះលក្ខខណ្ឌដំណោះស្រាយដោយទូទាត់តាមរយៈហិរញ្ញវត្ថុនេះ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ហើយក៏មិនមានក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំង២ អត្ថាធិប្បាយលម្អិតនៅក្នុងបទបញ្ជាតុលាការដែលបានច្រានចោលជម្លោះដែលកើតមានតាំងពីឆ្នាំ ២០១១ នេះដែរ។
ប៉ុន្តែចំនួនប្រាក់ដែលតុលាការបញ្ជាឲ្យក្រុមហ៊ុន Samsung បង់នោះ ត្រូវបានចាត់ទុកថាជាជោគជ័យមួយសម្រាប់ក្រុមហ៊ុនApple ដែលបានអះអាងនៅតុលាការថាការរចនាមានសារៈសំខាន់ចំពោះទូរស័ព្ទ iPhone៕