ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី២៣ ខែមេសា តុលាការបានសម្រេចដោះលែងអ្នកញៀនល្បែងជល់មាន់ និងអាប៉ោងចំនួន៩នាក់ក្នុងចំណោមអ្នកលេងរាប់សិបនាក់ដែលត្រូវកម្លាំង នគរបាលចុះបង្ក្រាប និងចាប់ខ្លួននៅសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែមួយកន្លែង ត្រង់ចំណុចវត្ដវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥។
តាមប្រភពពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនពួក គេទាំង៩នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដការសួរនាំនិង ធ្វើការចោទប្រកាន់នោះ ស្រាប់តែព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណី បានសម្រេចដោះ លែងឲ្យមានសេរីភាពវិញ ទាំងអស់ដោយគ្មានការចោទប្រកាន់ជនណាម្នាក់នោះឡើយ។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា តាមពិតទៅជនញៀនល្បែងជល់មាន់និងអាប៉ោង ទាំង៩នាក់ខាងលើនេះស្វែងរកអន្ដរាគមន៍ ដោះលែងតាំងពីពេលត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥មកម្ល៉េះ ដោយពួកគេហ៊ានបោះពាក្យសំដីថា ទោះអស់លុយប៉ុន្មានក៏សុខចិត្ដបង់ឲ្យដែរ ឲ្យតែបានរួចខ្លួន។
គួររំលឹកផងដែរថា ការដោះលែងនេះ ត្រូវបានគេមើលឃើញថា ផ្ទុយស្រឡះពីការប្តេជ្ញាចិត្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែលបានបញ្ជាដាច់ខាតក្រោយពេលចាប់ខ្លួនជនទាំង៩នាក់ភ្លាមថា គឺមិនត្រូវដោះស្រាយតាមរយះការអន្ដរាគមន៍ណាមួយនោះឡើយ តែត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ កាលពីថ្ងៃទី២៣ មេសា នេះ មិនអាចទាក់ទងដើម្បីឆ្លើយតបចំពោះករណីនៃការដោះលែងអ្នកញៀនល្បែងទាំង៩នាក់ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណី បានទេ៕