កំពត ៖ ជនជាតិចិនចំនួន៣៨នាក់ ស្រី១១នាក់ ត្រូវបាន កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយកម្លាំងជំនាញស្នងកាខេត្តកំពត ដឹកនាំចុះបង្ក្រាបចាប់ឃាត់ខ្លួន ដោយពាក់ព័ន្ធទៅនឹងករណីជំរឹតទារប្រាក់តាមប្រព័ន្ធអុីធឺណេត ស្ថិតនៅផ្ទះជួលចំនួន២ផ្សេងគ្នា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន២០នាក់ ក្នុងនោះមានស្រីចំនួន០៦នាក់ និង នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ បានចំនួន១៨នាក់ ស្រីចំនួន៥នាក់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ក្រោមការសម្របសម្រួលដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ចុះត្រួតពិនិត្យ ឆែកឆេ និងឃាត់ខ្លួនបានជនជាតិចិន ទាំង២គោលដៅ ចំនួន៣៨នាក់ ប្រុស២៧នាក់ ស្រី១១នាក់ និងដកហូតបានសម្ភារៈប្រព្រឹត្តល្មើសមួយចំនួនទៀត ។
ក្រោយពីឃាត់ខ្លួនបាន ជនជាតិចិនទាំង៣៨នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី រងចាំសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនជនសង្ស័យវិលត្រឡប់ទៅប្រទេសដើមវិញ ៕