ភ្នំពេញ ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១០ខ្នងទាំងកណ្ដាលអាធ្រាត្រ សមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍យ៉ាងញាប់ដៃជើង កាលពីវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះ ដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំចាប់ពី ៥ម គុណ ៦ម និង៥ម គុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្កសី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។ ករណីនេះ រថយន្ដពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡាន ទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គីភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់ តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយចេញអន្តរាគមន៍ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់សូនសុងទៅវិញ៕