ខេត្តព្រះសីហនុ៖ ការប្រកបអាជីវកម្មគ្រប់វិស័យ ពិសេសវិស័យសំណង់ និងវិស័យលក់គ្រឿងសំណង់ ដូចជាខ្សាច់ជាដើមនេះ កំពុងតែរីកចម្រើនយ៉ាងខ្លាំងក្លា នៅក្នុងខេត្តព្រះសីហនុតែម្ដង ដោយថ្មីៗនេះមានការនាំខ្សាច់ចូលយ៉ាងគគ្រឹកគគ្រេងមួយ តាមរយៈ(កប៉ាល់-សាឡង់) និងបន្តមកឡើងនៅចំណុច ជាប់ផែ ៥២ ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ។
បើតាមប្រជាពលរដ្ឋដែលរអ៊ូរទាំប្រាប់ព័ត៌មានយើងថា ពួកគាត់មានការលំបាកក្នុងការធ្វើដំណើរតាមផ្លូវមួយនេះខ្លាំងណាស់ ពេលភ្លៀងរអិលដួល និងពេលស្ងួតហុយដូចមេឃចុះអ័ព្ទ មើលផ្លូវសឹងតែមិនឃើញ ដោយសាររថយន្តដឹកខ្សាច់ទាំងនោះចេញចូល ប្រលោក់ប្រឡាក់ ភក់ជ្រាំយ៉ាងគគ្រិចលើដងផ្លូវ។
ចំពោះបញ្ហាខាងលើនេះ បើតាម លោក ប្រាក់ សំប្រាថ្នា ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តព្រះសីហនុ បានថ្លែងប្រាប់ព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៣០ខែមិថុនា ២០១៨ ថា ចំពោះការដ្ឋាននាំខ្សាច់មកនេះ ទាក់ទងរឿងច្បាប់ លោកថា មិនមានឃើញស្នើសុំមកខាងលោកនោះទេ ដោយសារខ្សាច់ទាំងនេះលោកថា គេបានដឹកមកពីខេត្តកោះកុង យកមកចែកចាយ។ លោកបានបង្ហើបទៀតថា អ្នកគ្រប់គ្រងគឺជាជនជាតិវៀតណាម ហើយលោកមិនដែលស្គាល់នោះទេ។ ចំណែកឯការប៉ះពាល់ដល់បរិស្ថាន ផ្លូវគមនាគមន៍សូមសួរទៅខាងមន្ទីរជំនាញចុះ។
ចំណែកឯលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានចេញលិខិត៦៤៦ បស្ថ.ខសនចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជូនដំណឹងទៅលោក ឡេង ជឺន អាជីវកម្មដេប៉ូខ្សាច់ដែលស្ថិតនៅផ្លូវទំនប់រលក ក្បែរទីតាំងចាក់សំរាមមកពីកោះរ៉ុងដែលស្ថិតនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារចម្រុះបានឃើញថា រថយន្តដែលបើកចេញពីទីតាំងដេប៉ូខ្សាច់របស់លោកបានធ្វើចរាចរណ៍លើផ្លូវថ្នល់ដោយមានជាប់នឹងប្រលាក់ដីនៅនិងកង់រថយន្តជាហេតុធ្វើឱ្យប្រឡាក់ផ្លូវសាធារណៈថែមទាំងបណ្ដាលឲ្យផ្លូវមានសភាពហ៊ុយខ្លាំងនាំឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវអាចបំពុលបរិយាកាសប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈបរិស្ថាននិងសោភ័ណ្ឌភាពទីក្រុង។លោកប្រធានមន្ទីរបានកំណត់ឲ្យម្ចាស់ទីតាំងត្រូវធ្វើការលាងសម្អាតផ្លូវឱ្យបានស្អាតឡើងវិញជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃត្រូវធ្វើការលាងសម្អាតពីរដងដើម្បីកុំឲ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវនិងធានាឲ្យបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ និងម្ចាស់ទីតាំងត្រូវរៀបចំកន្លែងលាងកង់រថយន្តមុននឹងធ្វើចរាចរណ៍លើផ្លូវសាធារណៈដោយទុករយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃធ្វើកំណត់ហេតុរហូតដល់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៨។
ប៉ុន្តែសេចក្តីជូនដំណឹងនេះហាក់បីដូចជាម្ចាស់ទីតាំងខាងលើមិនអនុវត្តន៍តាមដោយសេចក្តីជូនដំណឹងនេះឡើយ នៅតែបណ្តែតបណ្តោយឲ្យប្រឡាក់ផ្លូវថ្នល់កៅស៊ូជិតក្លាយទៅជាផ្លូវលំទៅវិញ។ ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិធ្វើដំណើរកាត់តាមទីតាំងខាងលើ ថាតើការដ្ឋានមួយនេះអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានដែរឬទេ?៕