ថៃ ៖ ក្រុមសង្គ្រោះនៅម៉ោងប្រមាណ១០ និង២៥នាទីយប់មិញបានរកឃើញក្មេងបាត់ខ្លួនទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ នៅក្នុងរូងភ្នំថាមលួង នោះហើយ ដោយពួកគេនៅមានជីវិតទាំងអស់ ប៉ុន្តែកំពុងស្ថិតនៅក្នុងស្ថានភាពហេវហត់បំផុត។ នេះបើតាមសារព័ត៌មានផ្លូវការរបស់រដ្ឋថៃ បានចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨។
ទោះបីជាបែបនេះក្តី ក្នុងដំណាក់កាលឌ៏សំខាន់បន្ទាប់ គឺវិធីដែលត្រូវនាំយកពួកគេចាកចេញពីរូងភ្នំមកវិញ ព្រោះតែស្ថានភាពរូងក្នុងល្អាងភ្នំនោះ មានភាពលំបាកខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញសង្គ្រោះបានអះអាងថា ពួកគេត្រូវមុជកាត់ភក់ថែមទៀតផង ទើបអាចត្បុលទៅដល់កន្លែងដែលមនុស្សទាំង១៣នាក់ ជាប់ខ្លួនអស់រយៈពេល០៩ថ្ងៃមកហើយនេះ។
ពេលនេះក្រុមសង្គ្រោះកំពុងតែស្វែងរកកន្លែងមួយ ដែលមានសុវត្ថិភាពពីទឹកជំនន់ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះអាសន្នសម្រាប់ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ។
បញ្ហាដែលជាក្តីលង្វល់នោះ នៅត្រង់ថា តើត្រូវរំដោះពួកគេចេញពីទីនោះដោយវិធីណា ហើយទំនងជាត្រូវប្រើពេលយូរទៀត៕