BBC ៖ សំបុត្រចូលទស្សនាការប្រកួតប្រដាល់រវាងកីឡាករហ្វីលីពីន Many Pacquiao និងកីឡាករអាមេរិក Floyd Mayweather លក់ដាច់អស់តែប៉ុន្មាននាទីបន្ទាប់ពីការដាក់លក់ ហើយភ្លាមៗនោះមានវេបសាយមួយចំនួនបានដាក់លក់សំបុត្រក្នុងតម្លៃខ្ពស់ដល់ ១៤១ ០០០ ដុល្លារ ។
ពេលវេលានៃការប្រកួតរវាងកីឡាករទាំងពីរត្រូវបានកំណត់តាំងពីខែ កុម្ភៈមកម្ល៉េះ តែកិច្ចសន្យានៃលក់សំបុត្រចូលទស្សនាការប្រកួតវិញទើបតែបានបញ្ចប់នៅក្នុងសប្ដាហ៍នេះ។ សំបុត្រចូលទស្សនាចាប់ផ្ដើមលក់ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ នៅវេបសាយ MGM Grand និងក្រុមហ៊ុនលក់សំបុត្រ Ticketmaster ។
BBC បន្តថា សំបុត្រចំនួន១០០០កន្លែងប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ឲ្យសាធារណជនទូទៅ ចំណែកកៅអីទស្សនាចំនួន ១៥ ៥០០កន្លែងផ្សេងទៀតត្រូវបានប្រគល់ទៅឲ្យក្រុមរបស់កីឡាករ អ្នកឧបត្ថម្ភ និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ។ សំបុត្រថោកបំផុតមានតម្លៃ ១៥០០ដុល្លារ ហើយក្រោយមកឡើងដល់ ៧ ៥០០ដុល្លារ ។
គួរបញ្ជាក់ថា កីឡាករប្រដាល់ហ្វីលីពីន Many Pacquiao នឹងឡើងសង្វៀនប្រកួតជាមួយកីឡាករមិនដែលចាញ់សញ្ជាតិអាមេរិក លោក Floyd Mayweather នៅថ្ងៃទី២ ខែឧសភា សប្ដាហ៍ក្រោយ នៅលើសង្វៀន MGM Grand Hotel ក្នុងទីក្រុង Las Vagas សហរដ្ឋអាមេរិក ។
កីឡាករ Many Pacquiao អាយុ៣៦ឆ្នាំ និងកីឡាករ Floyd Mayweather អាយុ៣៨ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាកីឡាករខ្លាំងបំផុតសម្រាប់សម័យកាលរបស់ពួកគេ ។ ការជួបគ្នាលើកទី១រវាងជើងខ្លាំងទាំងពីរនេះត្រូវបានគេចាត់ទុកថា ជាការប្រកួតប្រចាំសតវត្ស ។
កីឡាករ Pacquiao ធ្លាប់ប្រកួតឈ្នះ៥៧ដង ចាញ់៥ដង និងស្មើ២ដង ហើយប្រកួតលើកចុងក្រោយឈ្នះ កីឡាករស្បែកខ្មៅ Timothy Bradley ។ ចំណែកកីឡាករ Floyd វិញប្រកួតបាន៤៧ដង ឈ្នះទាំងអស់ ហើយបានផ្ដួលគូប្រកួតឲ្យសន្លប់បាន២៦ដង។ ប្រកួតលើកចុងក្រោយ កីឡាករ Floyd បានផ្ដួលកីឡាករសញ្ជាតិអាហ្សង់ទីន Marcos Maidana ។
ការប្រកួតរបស់កីឡាករកំពូលទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា វេលាម៉ោង៨ព្រឹក ម៉ោងនៅប្រទេសកម្ពុជា៕
កីឡាករ Floyd Mayweather និងកីឡាករ Many Pacquiao (រូបពីBBC)