ពោធិសាត់ ៖ លោក ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ គឺជាភស្តុតាងដែលបញ្ជាក់ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចគ្រប់គ្រង និងដឹកនាំមន្ទីរពាណិជ្ជកម្ម រហូតក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តពោធិ៍សាត់ ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្ររាល់កម្មភាពរបស់មន្ទីរពាណិជ្ជកម្ម ព្រមទាំងបានស្នើលោកប្រធានមន្ទីរថ្មី ខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារឲ្យបានដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាជន។ លើសពីនេះ ត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទិននឹងការកំណត់តម្លៃប្រេងថ្មី នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា ក្នុងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការអបអរចំពោះព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មថ្ងៃនេះ និងបានស្នើដល់ប្រធានមន្ទីរថ្មី ខិតខំពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីដឹកនាំមន្ត្រីក្រោមឱវាទ និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ សំដៅនាំមកនូវសមិទ្ធផលថ្មីៗជូនប្រជាជន និងវិស័យពាណិជ្ជកម្មជាតិ។
សូមបញ្ជាក់ថា ពោធិ៍សាត់ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា អមទៅដោយបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជា។ ក្រៅពីសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានប្រណិតៗ ខេត្តពោធិ៍សាត់ ក៏សម្បូរដោយដីមានជីជាតិ ដែលមានលក្ខណៈអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ និងឈើហូបផ្លែគ្រប់ប្រភេទ៕