ភ្នំពេញ ៖ បុរសម្នាក់ បានឱបកូនស្រីអាយុ៧ឆ្នាំម្នាក់ ទៅលោតពីលើស្ពានជ្រោចង្វាថ្មី ក្នុងសង្កាត់ស្រះចក ប៉ុនប៉ងសម្លាប់ខ្លួនទាំងឪពុក និងកូនតែម្តង តែកូនស្រីមានសំណាងល្អ ត្រូវបានគេជូយសង្គ្រោះស្រង់ឡើងពីទឹកបានទាន់ពេល ចំណែកបុរសជាឪពុកបានលិចបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះ បានកើតឡើងទាំងព្រលឹម ខណៈដែលបុរសខាងលើ ក្រោយពីប្រពន្ធមានប្តីថ្មី ម្យ៉ាងខ្លួនមិនមានការងារធ្វើ និងម្យ៉ាងទៀតខូចចិត្តខ្លាំងក៏បាននាំកូនស្រីទើបអាយុ៧ឆ្នាំ ទៅលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាថ្មី បណ្តាលឲ្យខ្លួនឯងស្លាប់ ចំណែកកូនត្រូវបានសង្គ្រោះទាន់ពេល។
ហេតុការណ៍ពីរនាក់ឪពុកកូន លោតទឹកសម្លាប់ខ្លួននេះបានបង្កឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អត្តឃាតជនជាឪពុក ដែលលិចទឹកបាត់ រកសពមិនទាន់ឃើញនោះ ឈ្មោះលី ទៀង អាយុ៣០ឆ្នាំ សព្វថ្ងៃគ្មានមុនរបរអីទេ ស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះ ឆេង ហៀង អាយុ៥៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះជួលផ្លូវបេតុងភូមិ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកកូនស្រី ដែលមានសំណាង ត្រូវបានគេជួយស្រង់ពីទឹក ទាន់ពេលវេលានោះ ឈ្មោះ ទៀង លីហ្សា អាយុ៧ឆ្នាំ ស្នាក់នៅជាមួយគ្នា៕