ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា៖ រយៈពេល២១ថ្ងៃ នៃយុទ្ឋនាការឃោសនារកសំឡេងឆ្នោត គឺចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ គណបក្សនយោបាយទាំងអស់ អាចហែក្បូនឃោសនា បានតែចំនួន៤ដងប៉ុណ្ណោះ សំរាប់អាណត្តិទី៦ ឆ្នាំ២០១៨នេះ។
ថ្លែងនៅកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ឋ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅទីស្តីការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នេះ លោក ឯម សូផាត សមាជិក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានលើកឡើងបញ្ជាក់ថា៖ សំរាប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត អាច ហែរក្បួន ព្យុហយាត្រា នៅរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ យ៉ាងច្រើនបំផុតបានចំនួន៤ ដង នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតអាណតិ្តទី៦ ដែលមានរយះពេល២១ថ្ងៃ។ ក្នុងនោះដែរ គណបក្សនយោបាយទាំងអស់ មិនអាចហែរក្បូនរបស់ខ្លួន ឆ្លងកាត់ខេត្តផ្សេងបានឡើយ។ សមាជិក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ឯម សូផាតបានបញ្ជាក់ទៀតថា៖ ការឃោសនារកសំឡេងឆ្នោត មានរយៈពេលតែ២១ថ្ងៃ ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត ឬ ហៅថាថ្ងៃស។ ដែលក្នុងនោះគ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយទាំងអស់ ត្រូវចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ និងត្រូវឈប់សម្រាក នៅចន្លោះពីម៉ោង១០យប់ ដល់ម៉ោង៦ព្រឹក ។
លោកថា៖ចំពោះការឃោសនាដោយឧបករណ៍បំពងសំឡេងវិញ ត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល ។ជាមួយគ្នានោះដែរ លោក ឯម សូផាត បានបញ្ជាក់បន្តទៀតថា៖ ចំពោះមន្ត្រីរាជការស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រីតុលាការ អាចចូលរួមធ្វើសកម្មភាពឃោសនាគាំទ្រចំពោះគ ណបក្សនយោបាយណាមួយ នៅក្រៅម៉ោងបាន ប៉ុន្តែមិនពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយ។
សូមជម្រាបជូនថា៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវ ឲ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបំពេញការងារក្នុងប្រទេសកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត្យឥតលម្អៀងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ និងមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយប្រយោលក្តី ដោយផ្ទាល់ក្តី ដូចជាផ្តូចផ្តើម ឬចូលរូមនៅក្នុងការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ដោយផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខា ធនធានមនុស្ស ឬមធ្យោបាយ ផ្សេងទៀត ដើម្បីគាំទ្រគណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់បានឡើយ។ ជាពិសេស គ.ជ.ប ក៏បានចេញនូវគោលការណ៏សំរាប់ស្ថានីយ៏វិទ្យុ និងទូរទស្សន៏ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយអោយគណបក្ស នយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយរបស់ខ្លួន ដោយតម្រូវអោយគ្រប់ស្ថានីយ៏វិទ្យុ និងទូរទស្សន៏ទាំងអស់ត្រូវអនុវត្តតាមគោលការណ៏ និងការនែនាំ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញបណ្ណសម្គាល់ខ្លូនជូនអ្នកសារព័ត៏មានជាតិ និងអន្តរជាតិចំនួន៩១០ មកពីអង្គភាពសារព័ត៏មានចំនួន៩២ ដើម្បីចូលរួមយកព័ត៏មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕