ភ្នំពេញ ៖ យោងតាមរបាយការណ៍អង្កេតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ប្រទេសកម្ពុជានាំចូលបន្លែអាស្រ័យ លើរដូវកាលប្រមាណពី២០០ ទៅ៤០០តោនក្នុងមួយថ្ងៃ ដែលគិតជាទឹកប្រាក់សរុបមានប្រមាណពី ១៥០ ទៅ២០០លានដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលការផលិតនិងផ្គត់ផ្គង់ បន្លែមានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក នៅមានកម្រិតតិចតួចនៅឡើយ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងនៅក្នុងពិធីផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ខែកក្កដានេះថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការនិងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដោយ ពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លើ គុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់។ បន្ថែមពីនេះ គឺមានចំនួនទេសចរកើនឡើងជាលំដាប់ ប៉ុន្តែការផលិតនិងផ្គត់ផ្គង់ បន្លែមានសុវត្ថិភាពនៅ លើទីផ្សារក្នុងស្រុក នៅមានកំរិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញា ត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវសហការគ្នា សម្រេចអោយបានគោលដៅនេះ ។
លោក វេង សាខុន បានមានប្រសាសន៍ទៀតថា ឆ្លើយតបទៅ និងបញ្ហាដែលកំពុងជួបប្រទះ រាជរដ្ឋាភិបាលដែលមាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាននិងសក្តានុពលដែលមានស្រាប់ ព្រមទាំងគៀងគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជតូបនីយកម្ម កសិកម្មដោយបង្វែរទិស ពីការអភិវឌ្ឍន៍តាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍន៍បែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីក គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែម ក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ។ ទន្ទឺមនេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម យល់ឃើញថា ការរៀបចំផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព គឺជាការ ឱកាសល្អមួយដើម្បីអោយមានការជួបគ្នា រវាងកសិករ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកលក់ដុំ អ្នកប្រើប្រាស់ដើម្បីមានឱកាស ជជែកគ្នាជុំវិញតម្រូវការការផ្គត់ផ្គង់ និងតម្លៃផលិតផល។ ជាពិសេស ដើម្បីអោយអ្នកដាំបន្លែយល់ដឹងច្បាស់ពីនិយមន័យបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព ព្រមទាំងផលប៉ះពាល់នៃកសិផលដែលមិនមានសុវត្ថិភាព។
សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា បានចំណាយទឹកប្រាក់សរុបប្រមាណពី ១៥០ទៅ២០០លានដុល្លាក្នុងមួយឆ្នាំ ដើម្បីនាំចូលបន្លែអាស្រ័យលើរដូវកាលប្រមាណពី២០០ ទៅ៤០០តោនក្នុងមួយថ្ងៃៗ៕