ភ្នំពេញ ៖ សភាពាណិជ្ជកម្មអាមេរិក បានអោយដឹងថា ដៃគូពាណិជ្ជកម្មរបស់អាមេរិក នឹងត្រៀមដំឡើងពន្ធនាំចូលលើការនាំចេញទំនិញអាមេរិកក្នុងតម្លៃ ៧៥ពាន់លានដុល្លារ ជាការសងសឹកប្រឆាំងនឹងការវាយប្រហារពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលការសងសឹកនេះនឹងជះឥទ្ធិពលក្រុមហ៊ុនក្នុងស្រុករបស់អាមេរិកជាច្រើន ដែលអាចងាយទទួលរងការបាត់បង់ការងារ។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបន្តរក្សាគោលជំហរយ៉ាងរឹងមាំក្នុងការការពារសង្គ្រាមពាណិជ្ជកម្មអន្តរជាតិដែលកំពុងកើនឡើងរបស់ខ្លួននេះ ដោយលោក Wilbur Ross រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងថា សេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកមួយនេះគឺរឹងមាំគ្រប់គ្រាន់ក្នុងការប្រឈមនឹងលទ្ធផលត្រឡប់អវិជ្ជមានផ្នែកសេដ្ឋកិច្ច។
គួរកត់សំគាល់ថា អាមេរិកនឹងចាប់ផ្ដើមអនុវត្ត ការបន្ថែមពន្ធនាំចូល លើទំនិញដែលនាំចូលពីប្រទេសចិនមានតម្លៃជាង ៣០ ពាន់លានដុល្លារចាប់ពីថ្ងៃសុក្រ ជាការសងសឹកមួយទៅលើការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងបានលួចកម្មសិទ្ធិបញ្ញាអាមេរិក។ ប្រទេសកាណាដា ក៏បានសងសឹកវិញប្រឆាំងនឹងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកដោយការហូតពន្ធសងសឹកលើទំនិញអាមេរិកដែលមានតម្លៃ ១២,៦ ពាន់លានដុល្លារដែលចាប់ផ្ដើមនៅថ្ងៃអាទិត្យសប្តាហ៍នេះ។ រដ្ឋាភិបាលក្រុងអូតាវ៉ាបានកំណត់ទិសដៅដែកថែប និងអាលុយមីញ៉ូមអាមេរិកព្រមទាំងទំនិញមកពីតំបន់រសើបផ្នែកនយោបាយនានា ដូចជា ទឹកក្រូច និងស្រាវីស្គី Kentucky មកពីរដ្ឋផ្លរីដាជាដើម។
លោក Thomas Donahue ប្រធានសភាពាណិជ្ជកម្មអាមេរិកបានថ្លែងកាលពីថ្ងៃចន្ទថា «ពន្ធនាំចូលនេះគឺជាពន្ធធម្មតាដែលបង្កើនតម្លៃសម្រាប់គ្រប់គ្នា»។ សភាពាណិជ្ជកម្មអាមេរិកបានលើកឡើងពីការនាំចេញដែលងាយទទួលរងគ្រោះដែលមានប្រភពពីរដ្ឋនានាដែលគាំទ្រលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីប្រកបដោយជោគជ័យ គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំ ២០១៦ ដែលនោះ គឺការនាំចេញតម្លៃ ២,៣ ពាន់លានដុល្លារសម្រាប់ទំនិញដែកថែប និងអាលុយមីញ៉ូម ព្រមទាំងរថយន្តរបស់រដ្ឋ មីឈីហ្គេន ទំនិញតម្លៃ១,៧ ពាន់លានដុល្លារ សម្រាប់ដែក ថែប ដែក កាហ្វេ និងទំនិញនំដុតរបស់រដ្ឋ ផេនស៊ីលវ៉ានៀ និងទំនិញតម្លៃ ១ ពាន់លានដុល្លារ សម្រាប់ឈីសក្រដាសបន្ទប់ទឹក និងឫសឈើរបស់រដ្ឋ វ៉ីសខនស៊ីន ដែលទាំងអស់នេះប្រឈមនឹងការសងសឹកពីដៃគូពាណិជ្ជកម្មអាមេរិក។
សភាពាណិជ្ជកម្មអាមេរិកបានបោះពុម្ពផ្សាយផែនទីអន្តរកម្មមួយ ដែលបង្ហាញផលប៉ះពាល់ដោយសារជម្លោះពាណិជ្ជកម្មនៅក្នុងរដ្ឋទាំង៥០។ លោក Wilbur Ross បានថ្លែងថា សេដ្ឋកិច្ចអាមេរិកមិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះដោយសារតែកំណើនរបាំងពាណិជ្ជកម្មនោះទេ ដោយសារមានការចំណាយទុនខ្ពស់ កំណើនការផ្ញើទុនមកប្រទេសកំណើត និងទីផ្សារការងារ៕