ផ្លូវដែក​ភាគ​ខាងជើង​កម្ពុជា​ប្រវែង​៣៨៦​គ​.​ម​.​ដំណើរការ​ឡើងវិញ​ក្រោយ​ផ្អាក​ជាង​៤៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ភ្នំពេញ ៖ ខ្សែ​ផ្លូវដែក ភ្នំពេញ​-​ប៉ោយប៉ែត ដែលមាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ អាច​ដំណើរការបាន​ឡើងវិញ​ទាំងស្រុង​ហើយ ក្រោយ​អាក់ខាន​អស់​រយៈពេល​ជាង​៤៥​ឆ្នាំ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៧៧​លាន​ដុល្លារ ក្នុងនោះ​មាន​ជំនួយ​ថវិកា​ពី ADB ជំនួយ​គ្រឿង​ដែក​ពី​ម៉ាឡេស៊ី និង​ថវិកា​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បន្ទាប់ពី​ជួសជុល​រួច​ជា​ស្ថាពរ ផ្លូវដែក​ពី ភ្នំពេញ ទៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ ដែល​ការដាក់​ឲ្យ​ដំណើរការ​នេះ បានបញ្ចប់​ជា​ស្ថាពរ​នៃ​ការស្ដារ​ត​ភ្ជាប់​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត និង​ស្ថិតក្នុង​គម្រោង​នៃ​ការតភ្ជាប់​ផ្លូវដែក​កម្ពុជា ជាមួយនឹង​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ​។

​សូមជម្រាបថា ផ្លូវដែក ពោធិ៍សាត់​-​ភ្នំពេញ មាន​ប្រវែង ១៦៦​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តពោធិ៍សាត់​-​កំពង់ឆ្នាំង​-​កំពង់ស្ពឺ​-​កណ្តាល និង​រាជធានី​ភ្នំពេញ​។ កំណាត់​ផ្លូវដែក​ពី​ពោធិ៍សាត់​-​ភ្នំពេញ​នេះ អាច​បើក​បរបាន​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយមាន​ស្ថានីយ៍​ចំនួន​២០ ជា​អា​ថិ៍​៖ ពោធិ៍សាត់​-​ទទឹងថ្ងៃ​-​កំ​រ៉ែ​ង​-​បំ​ណ​ក់​-​ក្តុល​-​ក្រាំង​ស្គារ​-​រមាស​-​បារាំង​-​ក្រាំង​ល្វា​-​មា​នក​-​ត្បែងខ្ពស់​-​ដំណាក់​ស្មាច់​-​ត្រាច​ទង​-​បាត់ដឹង​-​ទួល​លៀប​-​ត្រពាំង​ត្នោត​-​សំរោង​-​ផ្លូវបំបែក​-​ពោធិ៍ចិនតុង​-​ភ្នំពេញ​។ ថវិកា​ដែល​ត្រូវ​ចំណាយ​ប្រមាណ​៧៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទឹកប្រាក់​ជាង​១៣​លាន​ដុល្លារ គឺជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB, ជាង​៦៣​លាន​ដុល្លារ ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា​, និង​ជំនួយ​ជា​ដែក​ពី​ម៉ាឡេស៊ី​ខ្លះ​ផងដែរ​៕​