ភ្នំពេញ ៖ គ.ជ.ប នឹងអញ្ជើញតំណាងក្រុមហ៊ុន Mysore paints and varnish limited ដែលផលិតទឹកខ្មៅសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មកជួបជាមួយតំណាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅនេះ។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៤ ខែកក្កដា ម្សិលមិញ នេះ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការអញ្ជើញតំណាងក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃមកកម្ពុជា ដើម្បីបញ្ជាក់អំពីគុណភាពនៃទឹកខ្មៅ គឺបន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅនេះធ្វើឲ្យមនុស្សស្លាប់បាន។ លោកថា គ.ជ.ប សម្រេចប្រើទឹកខ្មៅដែលទិញពីឥណ្ឌា នេះ គឺគុណភាពគួរឲ្យទុកចិត្ត និងគ្មានចេតនាអាក្រក់ណា ធ្វើឲ្យបាត់បង់សន្តិសុខសុវត្ថិភាព ឬក៏បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។
គួរបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកថ្នាំជ្រលក់ដៃចំនួន ៥១.០០០ដប ពីក្រុមហ៊ុនរបស់ឥណ្ឌា Mysore paints and varnish limited ហើយទឹកថ្នាំនេះ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
សូមជម្រាបថា ទឹកខ្មៅនេះ ត្រូវបានក្រុមហ៊ុន Mysore paints and varnish limited ផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ មកម្ល៉េះតាមការផ្ដួចផ្ដើមរបស់ស្តេចនៅប្រទេសឥណ្ឌា។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា គ.ជ.ប នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើជនដែលមានបំណងប្រើប្រាស់មធ្យោបាយទុច្ចរិតរារាំងដល់ការបោះឆ្នោត។
ជាមួយគ្នានេះ ដែរ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការ និងបានបញ្ជាឲ្យសមត្ថកិច្ចទាំងអស់តាមដាន និងចាប់ខ្លួនអ្នកដែលញុះញង់ ថា ថ្នាំជ្រលក់ម្រាមដៃពេលបោះឆ្នោត នឹងធ្វើឲ្យមនុស្សស្លាប់៕