ខេត្តនណ្ដាល៖ កម្មករ កម្មការិនី រោងចក្រ មាណជាង២០នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត ដោយសាររថយន្តបើកវ៉ាជែងជាមួយរថយន្តផ្សេងទៀត ហើយរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ខ្លួនឯងចាក់កម្មករចោលតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នេះបើតាមការឱ្យដឹងបឋម ពីសមត្ថកិច្ចចរាចរណ៍ស្រុកកណ្តាលស្ទឹង ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រជាង២០នាក់ មកពីខាងខេត្តតាកែវ ឆ្ពោះទៅរោងចក្រមួយកន្លែងនៅឯរាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្ថែមថា មុនពេលកើតហេតុ រថយន្តខាងលើ បានបើកបោះពួយដឹកកម្មករធ្វើដំណើរចេញពីខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ៣ ឆ្ពោះទៅរោចក្រមួយកន្លែងនៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូត ធ្លាក់ផ្លូវ ហើយក្រឡាប់ដោយខ្លួនឯង ចាក់កម្មករចោល បណ្តាលឱ្យរបួសធ្ងន់ស្រាលជាង២០នាក់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មានបឋម ព្រោះខណៈនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ រកជនរងគ្រោះក្រែងមានរងរបួសបន្ថែមទៀត ។ ចំពោះជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះជាច្រើនគ្រឿងមកពីតាមបណ្តាលអង្គភាព មន្ទីរពេទ្យ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗគ្នា និងមានមួយចំនួនដឹកបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ ៕