ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជាតិដ៏ធំដើម្បីអបអររំលឹកខួបលើកទី១០ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងលើកទី១ នៃការបញ្ចូលប្រសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពាក់កណ្តាល ខែកក្កដា ខាងមុខនេះ។
តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្យិការណ៍ជាតិដ៏ធំមួយនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអបអរសាទរខួបលើកទី១០ និងខួបលើកទី១ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ។
មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក សោម រតនា បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិដ៏ធំនេះ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅម៉ោង ៤រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។ លោក ថា នៅក្នុងនោះ នឹងមានការថ្លែងសុន្ទរកថា ការសម្តែងរបាំ ការបង្ហាញវីដេអូឯកសារស្តីពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានាក្នុងកិច្ចការពារ អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ព្រមទាំងសុន្ទរកថាគន្លឹះ និងមតិសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក សោម រតនា មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់បន្ថែមថា ក្រៅពីការជួបជុំនៅពហុកីឡដ្ឋានជាតិអូឡាំពិក កីមានរៀបចំផ្ទាល់នៅទីតាំងប្រាសាទទាំងពីរ នូវពិធីជួបជុំអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទបុរាណទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
គោលបំណងនៃការរៀបចំនេះ លោក សោម រតនា បានលើកឡើងថា ដើម្បីលើកកម្ពស់ការយល់ដឹង បង្កើនការស្រឡាញ់ ការពារសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ និងជំរុញឱ្យមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរឡើយ។
បើតាម អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ លោក ហាប់ ទូច បានបញ្ជាក់នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៥ កក្កដា នេះថា តាមបណ្តាវត្តអារាមនៅទូទាំងប្រទេសត្រូវបានកំណត់ឱ្យទូងស្គរក្នុងពេលតែមួយ វេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកក្កដា ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានដឹង និងស្វែងយល់កាន់តែច្បាស់អំពីតម្លៃនៃប្រាង្គប្រាសាទរបស់ខ្មែរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកថា វត្តនិរោធរង្សី ដែលស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏នឹងត្រូវយកធ្វើជាគោលដៅនៃការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះដែរ។
សូមរំលឹកថា រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៥ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវាជាតិរំលឹកខួបថ្ងៃដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយពេលប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌរបស់អង្គការយូណេស្កូ សម្រេចចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ចំណែក ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕