ខេត្តកំពង់ស្ពឺ ៖ អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្ត្រៃ និងរថយន្តតូចៗមួយចំនួន បាន រិះគន់ចោទប្រកាន់លោក ហ៊ុលម៉ារា និងលោក ឈុន ឈាហេង ថា កំពុងដើរតួនាទីជាសមត្ថកិច្ច បរិស្ថានខេត្តកំពង់ស្ពឺ ដោយជិះរថយន្តប្រដេញគោយន្តកន្ត្រៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើ កំណាត់ផ្លូវលំតំបន់ជាំកន្ទួត កៀបជម្រិតទារលុយតាមអំពើចិត្ត ដែលខ្លួនមានឋានៈជាមន្ត្រីរាជរដ្ឋា ភិបាល ដោយគ្មានការខ្មាស់អៀននោះឡើយ។
បើតាមការអះអាងរបស់ពលរដ្ឋឈ្មោះ លី និងឈ្មោះ ចិត្ត បានបញ្ជាក់ថា ការដឹកអនុផលព្រៃឈើជា រៀងរាល់លើក បើមិនទូរស័ព្ទប្រាប់លោកទាំងពីជាមុនទេ ច្បាស់ជាត្រូវឃាត់ចាប់ទារលុយយ៉ាងចាស់ដៃ ជា មិនខាន ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ មានគោយន្តកន្ត្រៃជាច្រើនគ្រឿង បានដឹកឈើអារ ប្រហែល ២ម៉ែត្រគូប និងរថយន្តដឹកឈើ១គ្រឿង នៅចំណុចផ្លូវលំ ចំណុច តេទឹកពុះ ត្រូវ បានលោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ជិះរថយន្តផ្ទាល់ខ្លួនប្រដេញទារលុយ ពីក្រុមគោយន្តក្នុងមួយគ្រឿងចំនួន ៣០.០០០រៀល ដោយឡែកឡានដឹកឈើមួយគ្រឿង ដែលចេញពីតំបន់(ជាំ)មកដល់ ចំណុច (តេទឹកពុះ) ស្រុកឱរ៉ាល់ ត្រូវបានលោកទាំង២កាក់ ចាប់ដោយតម្រូវអោយបង់លុយចំនួន៥០០ដុល្លារ និងព្រមានម្ចាស់ឡានថា បើមិនបង់ទេ នឹងត្រូវចាប់អូសទាំងឡាន ទាំងមនុស្សយកទៅទុកនៅស្នាក់ ការ បរិស្ថានទៀតផង។
ប្រភពព័ត៌មានមួយផ្សេងទៀត បានរាយការណ៍ថា លោក ហ៊ុល ម៉ារា ត្រូវបានគេស្គាល់ច្បាស់ថា ជា អនុប្រធានការិយាល័យដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ចំណែកលោក ឈុន ឈាហេង ជាប្រធានកម្រងនៃមន្ទីរ បរិស្ថានខេត្ត។ លោកទាំង២នាក់នេះ ត្រូវបានអ្នករកស៊ីឈើខុសច្បាប់ ស្គាល់គាត់ច្បាស់ជាងអ្នកណាៗ ទាំង អស់ និងមានអ្នកខ្លះហៅគាត់ថា មេៗ ថែមទៀតផង ។ដូច្នេះនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ នេះ គាត់ទំនងជា ធំជាងលោក ខន សុខុន ដែលជានាយកដែន នៅតំបន់នោះទៅទៀត។
ប្រភពដដែល បន្តថា បើចំពោះលោក ឈុន ឈាហេង វិញ កាលពីមុន ជាអតីតនាយកដែនជំរកសត្វ ព្រៃ ភ្នំឱរ៉ាល់ ក្រោយមកដោយសារមានរឿងអាស្រូវពុករលួយច្រើនពេក ត្រូវថ្នាក់លើដកទៅឲ្យអង្គុយ លេង ហ្វេសប៊ុក នៅក្រសួងបាត់មួយរយៈ ស្រាប់តែឥឡូវនេះ ឃើញគាត់មកបង្ហាញមុខជាថ្មី ក្នុងឋានៈជា ប្រធាន កម្រង គឺកាន់តែធំជាងមុនទៅទៀត។ ដោយសារតែត្រូវចំណាយអស់ច្រើនដើម្បីបានឡើងធំអីចឹងហើយ ទើបបាន ជាពេលគាត់មកកាន់តំណែងនេះភ្លាម សកម្មភាពខាងប្រដេញគោយន្តកន្ត្រៃ និងរថយន្តដឹក ជញ្ជូន ឈើយកលុយទាំងយប់ថ្ងៃ គឺសកម្មខ្លាំហណាស់គ្មានលោះពេលទេ ជាមួយលោក ហ៊ុល ម៉ារា ដោយគ្មាន ការខ្មាស់អៀននោះឡើយ។
ប្រភពពីម្ចាស់ដេប៉ូឈើម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ លោក ឈុន ឈាហេង និងលោក ហ៊ុល ម៉ារា គេសង្កេតឃើញថា គាត់មានសកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ ៤៤ ភូមិជាំផ្លូវបំបែក តេទឹកពុះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ភាគច្រើននៅពេលយប់។
ប្រភពដដែលបន្តទៀតថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង បានយករថយន្តផ្ទាល់ខ្លួន ប្រដេញយកលុយពីគោយន្តកន្ត្រៃ និងរថយន្តដឹកជញ្ជូនឈើខុសច្បាប់នេះ មិនមែនដេញដើម្បីបង្ក្រាបនោះ ទេ គឺប្រដេញយកលុយមិនឲ្យរួចមួយករណីណាឡើយ សូម្បីតែរឿងដឹកអនុផលព្រៃឈើកំប៉ិចកំប៉ុកក៏ទារ ៤ ឬ ៥,០០០រៀលដែរ ហើយបើឈើបង្គោលរបងឬឈើអារវិញនោះ គឺធ្ងន់ ក តែម្តង។ និយាយរួមឲ្យតែ មិន ទូរស័ព្ទតថ្លៃសុំឲ្យលោកបើកផ្លូវជាមុន ច្បាស់ជាគាត់ចាត់ការយកម៉ាចាស់ដៃជាមិនខាន។ ប្រភពដដែល នេះ បន្តថា ជាងនេះទៅទៀតនៅពេលស្ទាក់ឃាត់គោយន្ត និងរថយន្តដឹកឈើម្តងៗ គឺគាត់តែងតែយកឈ្មោះ ថ្នាក់ដឹកនាំមកព្រមានជានិច្ច ដោយនិយាយថាមេៗចេញ ប៉េ អោយពួកគាត់មករកលុយដើម្បីចិញ្ចឹម មេ មិន អាចធ្វើលេងសើចលំៗទេ។
ប្រភពស្និទ្ធនឹងឈ្មួញឈើម្នាក់ បានបង្ហើបថា លោកទាំង២ បានទទួលសំណូកប្រចាំខែ ពីអ្នកជួញដូរ ឈើខុសច្បាប់ នៅ ដំបងវិញ រាប់ពាន់ដុល្លាក្នុង១ខែៗ។ មានការលើកឡើងថា ទង្វើដ៏អនាធិបតេយ្យរបស់ មន្ត្រី ទាំងពីរនាក់នេះ គួរណាស់តែថ្នាក់ដឹកនាំខាងមន្ទីរ ក៏ដូចក្រសួងបរិស្ថាន ពិនិត្យចាត់មន្ត្រីអោយចុះ អង្កេតមើលផង បើបណ្តែតបណ្តោយតទៅទៀតនាំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីក្រសួងបរិស្ថានស្អាតស្អំដទៃទៀត ជាក់ជាមិនខានឡើយ។
ពាក់ពន្ធ័នឹងការលើកឡើងរបស់អ្នករកស៊ីខាងលើ មិនអាចសុំការបកស្រាយពីលោក ហ៊ុល ម៉ារា និង លោក ឈុន ឈាហេង មន្ត្រីមន្ទីរបរិស្ថានខេត្ត បាននៅឡើយទេ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នេះ៕