ប៉ោយប៉ែត ៖ ប្រភពពីមន្ត្រីរាជការនៅតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក សាយ វិជ្ជាសារ៉ាវុធ ឡើងកាន់តំណែងជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជំនួសលោក ស៊ាន ស៊ីណាត រួចមកគឺ ឈ្មួញនាំទំនិញប្រភេទចំណីអាហារខូចគុណភាព និងលាយសារធាតុគីមីបន្តនាំចូលតាម ច្រកទ្វារអន្តរជាតិកាន់តែច្រើនឡើងៗ។
ប្រភពបានឲ្យដឹងទៀតថា ជាញឹកញាប់លោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រីក្រោមឱវាទមួយចំនួនតែងតែធ្វើសកម្មភាពបង្ក្រាបបទល្មើសតូចតាចដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ ក្នុងខណៈដែលឈ្មួញធំៗអាចនាំចូលទំនិញមិនប្រក្រតីបានកើតឡើងយ៉ាងពេញបន្ទុកដោយគ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខាងលើនោះឡើយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ពិនិត្យឡើងវិញចំពោះភាពអសកម្មនិងអំពើពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកជាបន្ទាន់ផង។
ប្រភពដដែលបន្តថា មួយរយៈកន្លងទៅនេះលោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួក បង្ក្រាបតែបទល្មើសតូចតាចបង្ហាញស្នាដៃប៉ុណ្ណោះ ក្នុងខណៈដែលឈ្មួញធំៗអាចនាំចូលចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់សិបតោនក្នុងមួយថ្ងៃៗធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋខ្មែរ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញជាប្រភេទចំណីអារហារខូចគុណភាព និងមានលាយផ្ទុកសារធាតុគីមី ដែលឈ្មួញសៀមលក់តម្លៃថោកៗ ជាជាងបោះចោល ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដូចជាសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ គ្រឿងក្នុងជ្រូក និងប្រហិតច្រើនប្រភេទត្រូវឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជារៀងរាល់ថ្ងៃដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់មន្ត្រីកាំកុងត្រូលមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលនោះទេ។ ផ្ទុយទៅវិញគឺមន្ត្រីកាំកុងត្រូលក្នុងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពបង្ក្រាបឈ្មួញតូចតាចដែលនាំចូលប្រភេទទំនិញដូចខាងលើ ដែលនាំចូលបន្តិចបន្តួចដោយពុំមានការយោគយល់ឡើយដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ គឺជាមេខ្លោងធំបំផុតក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីមកបំផ្លាញសុខភាពពលរដ្ឋខ្មែរយ៉ាងពេញបន្ទុក។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចាប់បានសាច់មាន់មួយរទេះនៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយរឹបអូសយកទៅកម្ទេចចោល។
ការបង្ក្រាបរបស់មន្ត្រីកាំកុងត្រូលបែបនេះ ត្រូវបានមជ្ឈដ្ឋាននានា រិះគន់ថា ធ្វើឡើងដើម្បីបិទបាំងបទល្មើសធំៗដែលឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ និងប្រហិតមានលាយសារធាតុគីមី ឬខូចគុណភាពពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់សិបតោនក្នុងមួយថ្ងៃៗ៕