ឃាត់​មនុស្ស​៥​នាក់ ពាក់ព័ន្ធ​នាំគ្នា​ចាប់ដី​ចំណីផ្លូវ​រថភ្លើង​ចែកគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ នៅ​រសៀល​ថ្ងៃ​សៅ រិ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រុម​ពលរដ្ឋ ដើរ​ចាប់ដី​អនាធិបតេយ្យ​៥​នាក់ ក្នុងចំណោម​ច្រើន​នាក់​ទៀត ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យកមក​សួរនាំ បន្ទាប់ពី​ពួកគេ​បាន​កៀងគរ​គ្នា​ចាប់ដី​ចំណីផ្លូវ​រថភ្លើង​នៅ​ចំណុច​មុខ​រោងចក្រ សាន់​វ៉ា ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ក្រុម​ពលរដ្ឋ​ទាំងនេះ​បើតាម​ប្រភព​ថា ជា​ក្រុម​ដែល​តែង​ប្រមូលគ្នា​ដើរ​ចាប់ដី​រដ្ឋ​ដោយ​បំពាន​តាម​ការ​ញុះញង់​របស់​មេខ្យល់​រួច​លើកគ្នា​តវ៉ា​ស្នើសុំ​កាន់កាប់​ឬ​ដោះដូរ​គោលនយោបាយ​(​ពូកគេ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​)​នៅ​រាល់ពេល​រដូវ​កាល​បោះឆ្នោត​ជិត​ឈាន​មកដល់​ម្តងៗ​។​ជុំវិញ​ករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ ទាន់​បានបញ្ជាក់​អ្វី​នៅឡើយ​ទេ ។​លោក គ្រាន់តែ​ប្រ​លយ​អោយដឹងថា លោក មិន​ចង់​អង្គុយ​បក់ផ្សែង​ទេ​តែ​ពេលនេះ​កំពុងធ្វើការ​សួរនាំ​សិន​។​

​បើតាម​ប្រភព​ច្បាស់ការ​អោយដឹងថា​ក្នុងចំណោម​ជន​អនាធិបតេយ្យ​ដីធ្លី​ទាំង​៥​នាក់​នេះ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន វ​ណ្ណី ដែល​គេ​ដឹងថា​ជា​ជើង​ខ្លាំង​ម្នាក់​តែង​នាំ​អ្នកដទៃ​តវ៉ា​ជាច្រើន​កន្លែង​នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​ក៏​ធ្លាប់មាន​វត្តមាន​ក្នុងការ​តវ៉ា​យ៉ាង​ខ្លាំងក្លា ក្នុងការ​ការពារ​ដីធ្លី​អោយ​ស្ត្រី​ម្នាក់​ក្នុង​ជំលោះ​ដណ្តើម​ដីធ្លី​នៅ​តំបន់​អូរ​ដំរី​ថ្មីៗ​នេះ​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ពលរដ្ឋ​ខ្លះ​ក្នុងចំណោម​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​ថា​ពួកគេ​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្រុម​៣៥​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពូកគេ​ខ្លះ​បាន​ទិញ​ដី​ជាប់​ផ្លូវ​រថភ្លើង​នេះ​តៗ​គ្នា​ក្នុង​តំលៃថោកៗ​ដើម្បី​ធ្វើ​ផ្ទះ​នៅ​ដោយ​លើក​ហេតុថា ពួកគេ​ជា​ជនក្រីក្រ​រស់នៅ​ដោយ​ជួល​ផ្ទះ​គេ​។​តែ​អ្នកខ្លះ​ទៀតថា ឃើញ​គេ​ចាប់​នៅបាន​ក៏​មក​ចាប់​តាម​គេ​ដែរ​ក្រែង​ថ្ងៃក្រោយ​រដ្ឋ​មានការ​ដោះដូរ​គោលនយោបាយ​ណាមួយ​ជួន​ពួកគេ​វិញ​។​ករណីនេះ​មាន​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​បង្ហើប​ថា ក្រុម​ពលរដ្ឋ​ទាំងនេះ​មាន​មេខ្យល់​នាំ​អោយធ្វើ ហើយ​ពេលនេះ​មេខ្លោង​នោះ​កំពុង​ត្រៀម​អន្តរា​គម​ន៏​ដើម្បី​ជួយ​សំរួល​ដោះលែង​ពួកគេ​អោយទៅ​ផ្ទះ​វិញ​ផងដែរ​។​

​តើន​ណា​ជា​អ្នក​ជួយ​សម្រួល​ដើម្បីអោយ​ដោះលែង​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​អោយមាន​ឱកាស​ក្នុង​ការបង្ក​ភាពអនាធិបតេយ្យ​នា​រដូវ​កាល​បោះឆ្នោត​នេះ​?
​តើ​លោក ភុល ភស្តា អធិការនគរបាល​ក្រុងព្រះសីហនុ ដ៏​ល្បី​រូបនេះ​ទំនងជា​ដោះលែង​ពួកគេ​ទាំងនេះ​ដែរឬទេ​?​គ្រា​ដែល​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​តាមឃ្លាំមើល​សកម្មភាព​ក្រុម​ជន​ទាំងនេះ ចង់ឃើញ​អាជ្ញាធរ​ក្រុង​/​ខេត្ត​និង​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​បំផុត​ចំពោះ​ក្រុម​អនាធិបតេយ្យ​ទាំងឡាយ​ដែល​ចេះតែ​បន្ត​បង្ក​ភាពអនាធិបតេយ្យ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​និង​ស្នើអោយ​អាជ្ញាធរខេត្ត​ក៏ដូចជា​សមត្ថកិច្ច​គួរ​តាម​វែកមុខ​មេខ្យល់​នៅ​ពី​ក្រោយមក​ដាក់ទោស​ទណ្ឌ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ក្រុម​ពលរដ្ឋ​ដែល​នាំគ្នា​ចាប់យក​ដី​ចំណីផ្លូវ​រង​ភ្លើង​ចែកគ្នា​ទាំងនេះ ត្រូវបាន​គេ​ស្គាល់​ថា​មាន​ខ្លះ​ជា​ក្រុម​ប្រជា​ការពារ​ក្នុងភូមិ​នេះ​ផង​។​នេះ​បើ​យោង​ការរៀបរាប់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ទីតាំង​នោះ​ហើយ​បានដឹង​រឿងនេះ​។​សកម្មភាព​នាំគ្នា​ចាប់ដី​ចែកគ្នា​នេះដែរ​ត្រូវគេ​ស​ង្គេ​ត​ឃើញថា​មាន​សភាព​ផុលផុស​ខ្លាំង​នៅ​ដំណាក់កាល​នៃ​រដូវ​កាល​បោះឆ្នោត​នេះ​តែម្តង បើទោះជា​កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ ,​ឯកឧត្តម យន្ត មីន បាន​អំពាវនាវ​ជា​បន្តបន្ទាប់​អោយ​បញ្ឈប់​រាល់​សកម្មភាព​នាំគ្នា​ដើរ​ចាប់ដី​អនាធិបតេយ្យ​យ៉ាងណាក្តី​។​

​ទោះជា​យ៉ាងណា​ក្រុម​មជ្ឈដ្ឋាន​ទូទៅ​ស្នើអោយ​អាជ្ញាធរខេត្ត​គួរ​ចាត់វិធានការ​ច្បាប់​អោយបាន​តឹងរឹង​ចំពោះ​ក្រុម​អនាធិបតេយ្យ​និង​បន្ត​ស្រាវជ្រាវ​រកមុខ​មេខ្លោង​នៅ​ពីក្រោយ​ដើម្បី​យកមក​ផ្តន្ទាទោស​អោយបាន​ដើម្បី​ចៀសវាង​នាំ​រឿង​ស្មុគស្មាញ​ដល់​ថ្នាក់ដឹកនាំ​ទៀត​៕