ក្រុងព្រះសីហនុ ៖ មនុស្ស៣នាក់ ត្រូវបាននគរបាលក្រុងព្រះសីហនុ សម្រេចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការ បន្ត ខណៈពីរនាក់ផ្សេងទៀតអោយទៅសំរាកនៅមន្ទីរពេទ្យបង្អែកសិននិងម្នាក់ទៀតលួចរត់គេចខ្លួនពេលបញ្ជូនដល់ពេទ្យដោយបន្លំធ្វើឈឺ។ ជនទាំង៦នាក់នេះ ជាប់ពាក់ពន្ធ័ករណីកេណ្ឌគ្នាមកចាប់ដី ជាប់ផ្លូវរថភ្លើងចែកគ្នាជាបន្តបន្ទាប់ ក្នុងឱកាសរដូវដែលអាជ្ញាធរកំពុងមមាញឹកក្នងការរៀបចំការបោះឆ្នោត។ នេះបើតាមមន្ត្រីសមត្ថកិច្ច ថ្លែងបញ្ជាក់ក្នុងពេលប្រតិបត្តិកចរណ៍។
នៅវេលាថ្ងៃត្រង់នៃថ្ងៃអាទិត្យទី ០៨ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមពលរដ្ឋ ដើរចាប់ដីអនាធិបតេយ្យ០៣នាក់ក្នុងចំណោម០៦នាក់ ដែលបាននាំខ្លួនមកសួរនាំ នេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយ ដើម្បីចាត់ការបន្ត ពាក់ពន្ធ័ការនាំគ្នាដើរចាប់ដីដ៏អនាធិបតេយ្យនៅចំណុចមុខរោងចក្រ សាន់វ៉ា ស្ថិតក្នុងក្រុម៣៥ ភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រុមពលរដ្ឋទាំងនេះបើតាមប្រភពថា ជាក្រុមដែលតែងប្រមូលគ្នាដើរចាប់ដីរដ្ឋដោយបំពានតាមការញុះញង់របស់មេខ្យល់រួចលើកគ្នាតវ៉ាស្នើសុំកាន់កាប់ឬដោះដូរគោលនយោបាយ(ពូកគេប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ)នៅរាល់ពេលរដូវកាលបោះឆ្នោតជិតឈានមកដល់ម្តងៗ។
ជុំវិញករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានបញ្ជាក់ថាមាន០៣នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំណែក០២នាក់ទៀតអោយទៅសំរាកនៅពេទ្យសិនរងចាំការសួរនាំតាមក្រោយបន្ទាប់ពីសុខភាពបានល្អប្រសើរឡើងវិញ ចំណែកម្នាក់ទៀត ឈ្មោះអ៊ន់ ឈុនលាង ភេទស្រី អាយុ58ឆ្នាំ ដែលប្រើល្បិចធ្វើជាឈឺហើយលួចរត់គេចខ្លួនតែម្តង ពេលនេះ កំពុងសុំដីកាពីព្រះរាជអាជ្ញាដើម្បីតាមចាប់ខ្លួន។លោក អធិការ បានបន្ថែមថា លោក មិនចង់អង្គុយបក់ផ្សែងទេ។
លោក ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បញ្ជាក់ទៀតថា តាមការសាកសួរលើជនសង្ស័យទាំង06នាក់ខាងលើបានអោយដឹងថា:
ពួកគាត់ពិតជាបានសាងសង់ផ្ទះរំលោភយកដីចំណីផ្លូវរថភ្លើងយកធ្វើជាកម្មសិទ្ធ ដោយគ្មានលិខិតឬឯកសាសំគាល់ និងគ្មានអាជ្ញាធររដ្ឋអំណាចណាទទួលស្គាល់ឡើយ។
បើតាមប្រភពច្បាស់ការអោយដឹងថាក្នុងចំណោមជនអនាធិបតេយ្យដីធ្លីទាំង០៦នាក់នេះ មានស្ត្រីម្នាក់ ឈ្មោះ ឈុន វន្នី ដែលគេដឹងថាជាជើងខ្លាំងម្នាក់តែងនាំអ្នកដទៃតវ៉ាជាច្រើនកន្លែងនៅក្រុងព្រះសីហនុ ក្នុងនោះក៏ធ្លាប់មានវត្តមានក្នុងការតវ៉ាយ៉ាងខ្លាំងក្លា ក្នុងការការពារដីធ្លីអោយស្ត្រីម្នាក់ក្នុងជំលោះដណ្តើមដីធ្លីនៅតំបន់អូរដំរីថ្មីៗនេះផងដែរ។
តាមការបញ្ជាក់ពីក្រុមពលរដ្ឋខ្លះក្នុងចំណោមក្រុមអនាធិបតេយ្យទាំងនេះថាពួកគេជាពលរដ្ឋដែលរស់នៅក្រុម៣៥ភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ពូកគេខ្លះបានទិញដីជាប់ផ្លូវរថភ្លើងនេះតៗគ្នាក្នុងតំលៃថោកៗដើម្បីធ្វើផ្ទះនៅដោយលើកហេតុថា ពួកគេជាជនក្រីក្ររស់នៅដោយជួលផ្ទះគេ។តែអ្នកខ្លះទៀតថា ឃើញគេចាប់នៅបានក៏មកចាប់តាមគេដែរក្រែងថ្ងៃក្រោយរដ្ឋមានការដោះដូរគោលនយោបាយណាមួយជួនពួកគេវិញ។
ករណីនេះមានប្រភពសុំមិនបញ្ចេញអត្តសញ្ញាណមួយបានបង្ហើបថា ក្រុមពលរដ្ឋទាំងនេះមានមេខ្យល់នាំអោយធ្វើ ហើយពេលនេះមេខ្លោងនោះកំពុងត្រៀមអន្តរាគមន៍ ដើម្បីជួយសំរួលដោះលែងកូនអុករបស់ខ្លួន អោយបានត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា ក្រុមពលរដ្ឋអនាធិបតេយ្យដីធ្លីទាំង៦នាក់ នេះ ត្រូវបាននគរបាលក្រុងព្រះសីហនុ បាននាំខ្លួនមកសាកសួរកាលពីរសៀលថ្ងៃសៅរិ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨ គ្រាដែលពូគេជាច្រើននាក់បាននាំគ្នាទៅចាប់ដីផ្លូវរថភ្លើងចែកគ្នា មានទីតាំងនៅមុខរោងចក្រ សាន់វ៉ា ស្ថិតក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ គ្រាដែលដីឡើងថ្លៃ និងស្របពេលរដូវឃោសនាបោះឆ្នោតផង អាជ្ញធរតែងយោគយល់ដល់ពួកគាត់ច្រើននាពេលកន្លងមក។
ជនទាំង០៦នាក់នេះរួមមាន ៖
1_ឈ្មោះ ឈុន វន្នី ភេទស្រីអាយុ57ឆ្នាំ មុខរបរ កម្មករជួសមង
2_ឈ្មោះ នូន ថូ ភេទស្រី អាយុ36ឆ្នាំ មុខរបរ រើសអេតចាយ
3_ឈ្មោះ បឿន វណ្ណា ភេទប្រុស អាយុ67ឆ្នាំ មុខរបរ កម្មក
4_ឈ្មោះ ងិន សុខខុន ភេទស្រី អាយុ55ឆ្នាំ មុខរបរ អ្នកអាណាម័យ
5_ឈ្មោះ អ៊ុង ណាវី ភេទស្រី អាយុ49ឆ្នាំ មុខរបរលក់បបរ
6_ឈ្មោះ អ៊ន់ ឈុនលាង ភេទស្រី អាយុ58ឆ្នាំ (បានគេចខ្លួនក្នុងពេលសម្ថកិច្ចជួយសង្គ្រោះមានអាការ:ជំងឺបេះដូង នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ) មុខរបរលក់់បាយ។
អ្នកទាំង06 បច្ចុប្បន្នរស់នៅក្រុមទី35 ភូមិ3ទំនប់រលក សង្កាត់លេខ1 ក្រុងព្រះសីហនុ៕