តូចចិត្តប្រពន្ធ​ចុះចោលចាក់​សាំង​ដុត​សម្លាប់ខ្លួន​នៅ​សង្កាត់​ចោមចៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ភ្នំពេញ​៖ បុរស​ម្នា​ក់បាន ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ដោយសារតែ​តូចចិត្ត​ប្រពន្ធ​រត់ចោល​។​ទោះ​ជាង​ណា​ការប៉ុនប៉ង​
​ធ្វើអត្តឃាត មិនបាន​ស្លាប់​ដូច​បំណង​ឡើយ ដោយ​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់​ទាន់​តែ​ខ្លួន​ត្រូវ​ភ្លើង​ឆេះ​ពេញ​ដងខ្លួន​។​

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​សាលាបឋមសិក្សា​ជម្ពូ​វ័ន​ក្នុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

បុរស​រូបនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ព្រំ ដា​វិ​ន អាយុ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។​

តាម​ប្រជាពលរដ្ឋ​បានអោយដឹងថា បុរស​រូបនេះ ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​កន្លងមក​ដោយសា​រ​ឥទ្ធិពល​គ្រឿង ញៀន គាត់​បាន​រករឿង​វាយ​ធ្វើបាប​ប្រពន្ធ ទើប​ប្រពន្ធ​ទ្រាំលែងបាន ក៏​សម្រេចចិត្ត​រត់ចោល ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបនោះ​ខូចចិត្ត ចាក់​សាំង​ដុត​ខ្លួន​តែម្តង​។​

​សាក្សី​បាន​អោយដឹងទៀតថា​​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូបនោះ បាន​ទិញ​សាំង​មួយ​
​ដប​មកចាក់​ស្រោច​ខ្លួន ហើយ​យក​ដែកកេះ​ដុត​ខ្លួន បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​ប្រកាច់​ននៀល​លើដី​គួរ​ឲ្យ​សង្វេគ​ព្រឺព្រួច និង​រន្ធត់​យ៉ាងខ្លាំង​។ ភ្លាមៗ​នោះ​អ្នកជិតខាង​បាននាំគ្នា​ជួយ​ពន្លត់​រហូត​ភ្លើង​រលត់ទៅវិញ ប៉ុន្តែ​ខ្លួនប្រាណ​បុរស​នោះ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​រលួយរលេះ​យ៉ាងធ្ងន់ធ្ងរ​។​បុរស​រូបនោះ​ត្រូវ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​៣ ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

បើតាម​ស្ថានភាព​របួស ត្រូវ​គ្រូពេទ្យ​អោយដឹងថា បុរស​រូប​អាច​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕