ភ្នំពេញ ៖ ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់បន្ថែមទៀ់ត ពាក់ព័ន្ធករណីគ្រឿងញៀន១២០គីឡូក្រាម។ ការចាប់ខ្លួនមេក្លោងធំនេះ គឺបន្ទាប់ពីប៉ូលិសបានចាប់ខ្លួនបក្ខពួកចំនួនបីនាក់ និងរឹបអូសថ្នាំញៀនចំនួន១២០គីឡូក្រាម ដឹកតាមរថយន្តក្រុង ដែលនាំឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជាឆ្លងកាត់តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល (ស្ទឹងត្រែង ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
មនុស្សទាំងបី ត្រូវបានចាប់ខ្លួនបានជាបន្តបន្ទាប់នៅទីតាំងបីផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨ និងបានដកហូតថ្នាំញៀនជាង២៦គីឡូក្រាមថែមទៀតផង។
ការឈានដល់ការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏ធំនេះ គឺដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ពីលនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៏ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញបន្តការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេក្លោងនៅពីក្រោយខ្នង ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ១២០គីឡូក្រាម បង្ក្រាបកាលពីថ្ងៃទី២៦ មិថុនា ២០១៨ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ស្ទឹងត្រែង )។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា វេលាម៉ោង២:០៥រសៀល កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ឈានទៅចាប់ខ្លួនបានមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើ ៣នាក់បន្ថែមទៀត នៅបីគោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ ទី១.ចំណុចជិតរង្វង់មូលកាំកូស៊ីធី ,ទី២/.ឆែកឆេរលំនៅដ្ឋានលេខ១០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣/.ឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួនបីនាក់ មាន១.ឈ្មោះ សៀន ខួច កើតឆ្នាំ ១៩៨៦ ,២. យិន ម៉ាប់ ខ្មែរ កើតឆ្នាំ ១៩៩៤និង៣. សុខ សុឡា កើតឆ្នាំ ១៩៩១។
ចំណែកវត្ថុតាងចាប់យកគ្រឿងញៀន សរុប ២៦គីឡូ៨៦១.៦៧ក្រាម ក្នុងនោះ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ ៤គីឡូ០០៣.៨៥ក្រាមនិងថ្នាំញៀនប្រភេទកេតាមីន(Ketamine )២២,៨៥៧.៨២ក្រាម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ កម្លាំងប៉ូលិសអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀលសហការជាមួយសមត្ថកិច្ចចម្រុះប្រចាំការនៅច្រកអន្តរជាតិត្រពាំងក្រៀល និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ពីឡាវមកកម្ពុជា ដែលពួកឧក្រិដ្ឋជនបានលាក់នៅក្នុងរថយន្តក្រុង ដឹកឆ្លងកាត់តាមច្រកអន្តរជាតិត្រពាំងក្រៀល។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ នឹងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វីតាមីន (ICE) ចំនួន១២០ដុំ ស្មើ១២០គីឡូក្រាម៕