កំពង់ចាម៖រថយន្តដឹកដីធ្វើផ្លូវ បានប៉ះ ទង្គិចជាមួយក្បូនទីនាំងប្រតិភូសម្តេចក្រុមព្រះ នៅខាងកើតមណ្ឌលសុខភាពល្វាប្រមាណ៣០០ម៉ែត្រ ក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសមនុស្សមួយចំនួន ដោយសង្ស័យរួមទាំងសម្តេចក្រុមព្រះផងដែរ ។
មន្ត្រីអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែមេសានេះថា នៅម៉ោងប្រមាណ១២និង២០នាទីថ្ងៃនេះ ក្បូនរថយន្តហែទីនាំងសម្តេចក្រុមព្រះត្រូវរថយន្តដឹកដីបើកបុក បណ្តាលឲ្យរងរបួសមនុស្សមួយចំនួន។ មន្ត្រីរូបនោះរាយការណ៍ឲ្យដឹងទៀតថា សម្រេចក្រុមព្រះរបួសបន្តិចបន្តួច ដែលហេតុការណ៍នោះកើតឡើងនៅលើផ្លូវជាតិលេខ៧ ភូមិខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខាងកើតមណ្ឌលសុខភាពល្វាប្រមាណ៣០០ម៉ែត្រ ។
ប្រភពដដែលឲ្យដឹងទៀតថា តាមការសន្និដ្ឋានជំហានដំបូង រថយន្តដឹកដី បានបើកបញ្ច្រាស់ទិសជាមួយនឹងក្បួនទីនាំងរបស់សម្តេចក្រុមព្រះ ដោយគេសង្ស័យថា រថយន្តដឹកដីអាចនឹងរេចង្គូតរួចជ្រុលទៅបុកក្បួនរថយន្តដង្ហែរថយន្តរបស់សម្តេចក្រុមព្រះ បើទោះបីជាមានរថយន្តសារ៉ែននាំមុខក្តី ។
អធិការនគរបាលស្រុកព្រៃឈរលោក កែវ សៀងហ៊ន អះអាងថា លោកកំពុងធ្វើការលើរឿងនេះនៅកន្លែងកើតហេតុ ដោយមិនទាន់អធិប្បាយពីព័ត៌មាននៃអ្នករងរបួសជាក់លាក់បាននៅឡើយទេ ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចក្រុមព្រះ បានយាងទៅជួបសំណេះសំណាល ជាមួយសកម្មជនគណបក្ស នៅក្នុងវត្តគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ពេលចប់កម្មវិធី អ្នកហែហមបានចេញរថយន្តយាងសម្តេចក្រុមព្រះឆ្ពោះត្រឡប់មកភ្នំពេញវិញ លុះមកដល់កន្លែងកើតហេតុ ក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍តែម្តង៕