ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ ជ ប នឹងធ្វើការបង្ហាញទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់អ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់តំណាងគណបក្សនយោបាយនានា និងអង្គការ សមាគមជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃ របស់ឥណ្ឌា ក៏បានឯកភាពព្រមមកធ្វើការបង្ហាញផ្ទាល់ពីគុណភាព ដើម្បីបញ្ជាក់ថា ទឹកខ្មៅនេះ មិនប៉ះពាល់ដល់សុខភាពនោះទេ។ប៉ុន្តែពេលវេលាជាក់លាក់នៃការមកបញ្ជាក់របស់ក្រុមហ៊ុនឥណ្ឌា នៅមិនទាន់កំណត់នៅឡើយ។
លោកថា ការបង្ហាញនេះ គឺឲ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឲ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃ។
គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ទឹកខ្មៅចំនួន ៤៥.៩៣៤ដប គឺនឹងត្រូវទុកសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ហើយក្នុង១ការិយាល័យ ប្រើទឹកខ្មៅចំនួន២ដប និងក្នុង១ដបមានចំណុះ ៧០មីលីលីត្រ។ ប៉ុន្តែចំពោះតម្លៃមិនទាន់បញ្ជាក់នៅឡើយទេ។
សូមបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើការបោះឆ្នោតនាខែកក្កដា នេះ មានចំនួន ៥១..០០០ដប ដែល គ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌាឈ្មោះ Mysore paints and varnish limited និងត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា នៅពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ៕