កំពង់ស្ពឺ ៖ លោក ឯម សុគន្ឋ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានមន្ទីរបរិស្ថានស្តីទីជាង២ខែមក ត្រូវបានប្រជាពលរដ្ឋដែលរកស៊ីដឹកផល និងអនុផល ព្រៃឈើរអ៊ូរទាំថា បានប្រើកូនចៅអោយចេញធ្វើសកម្មភាពជំរិតទារលុយពីអ្នកដឹកឈើមិនញញើតឡើយ បើទោះជាឈ្មួញឈើខ្លះ បានបង់លុយទៅអោយលោក ទៅហើយក្តី។ នេះបើតាមការអះអាងបញ្ជាក់ ពីបុរសរកស៊ីឈើម្នាក់ នៅស្រុកឱរ៉ាល់ ដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពនេះ បានរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង និងលោក ឆេ ដែលគេដឹង និង ស្គាល់ថា ជាមនុស្សជំនិតរបស់លោក ឯម សុគន្ឋ បានធ្វើសកម្មភាព ប្រដេញគោយន្តកន្ត្រៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវ ជាំកន្ទួត កៀបយកលុយដោយមិនខ្មាស់អៀន និងមិនខ្លាចច្បាប់ទំលាប់ទាល់តែសោះ បើមិនទូរស័ព្ទប្រាប់គាត់មុន ។ ប្រភបដដែលបន្តថា ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ មានគោយន្តកន្ត្រៃ ជាច្រើនគ្រឿងដឹកឈើអារប្រហែល ២ម៉ែត្រគូប និងរថយន្តដឹកឈើ ១គ្រឿងនៅចំណុចផ្លូវ តេ ត្រូវបានក្រុមលោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង និងឈ្មោះ ឆេ បានប្រដេញតាមទារយកលុយពីក្រុមគោយន្ត៣០០.០០០រៀល ដោយឡែក រថយន្តដឹកឈើមួយគ្រឿង ដែលចេញពីចំណុច ជាំ មកដល់ចំណុច តេ ក្នុងស្រុកឱរ៉ាល់ ត្រូវបានក្រុមលោក ឆេ ឃាត់ចាប់ និងតម្រូវឲ្យបង់លុយឲ្យចំនួន៥០០ដុល្លារ ក្នុងមួយគ្រឿង បើមិនបង់ទេ នឹងត្រូវចាប់អូសឡានយកទៅទុកនៅស្នាក់ការបរិស្ថានខេត្ត។
ប្រភពបានរាយការណ៍បន្តថា កាលពីមុន លោក ហ៊ុល ម៉ារា មានថានៈជាអនុប្រធានការិយាល័យដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ចំណែកលោក ឈុន ឈាហេង ប្រធានកម្រង រីឯលោក ឆេ ជាមនុស្សជំនិតរបស់ប្រធានស្តីទី នៃមន្ទីរបរិស្ថានតែម្តង។ អស់លោកទាំងនេះ ត្រូវអ្នកជួញដូរឈើស្គាល់គាត់ច្បាស់គ្រប់ៗគ្នា អ្នកខ្លះហៅគាត់ថា មេៗ ថែមទៀតផង ដូច្នេះនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ ទំនងជាគាត់ធំជាងលោក ខន សុខុន ដែលជានាយកដែនទៅទៀត។
ប្រភពដដែលបានរំលឹកថា ដោយឡែក លោក ឈុន ឈាហេង ជាអតីតនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកដោយសារមានរឿងអាស្រូវពុករលួយច្រើនពេក ក៏ត្រូវថ្នាក់លើដកឲ្យទៅនៅក្រសួងមួយរយៈ ស្រាប់តែឥឡូវ គាត់បានបង្ហាញមុខជាថ្មីក្នុងឋានៈជា ប្រធានកម្រង គឺកាន់តែធំជាងមុន ទៅទៀត អីចឹងហើយ ទើបបានជាគាត់សកម្មខាងប្រដេញគោយន្តកន្ត្រៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ថ្ងៃ ជាមួយលោក ហ៊ុល ម៉ារា និងលោក ឆេ ។
ប្រភពរាយការណ៍បន្តទៀតថា លោក ទាំងបីនាក់នេះ គេសង្កេតឃើញ បញ្ចេញខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិជាំ ផ្លូវបំបែកតេ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានស្និទ្ធនឹងក្រុមដឹកឈើបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កន្លទៅនេះ ក្រុមលោកទាំងបីនាក់ បានស្វះស្វែងហៅម្ចាស់ឡានដឹកឈើអោយទៅជួបផ្ទាល់ ដើម្បីប្រគល់លុយ៥០០ដុល្លារ សងអោយវិញនិងឲ្យជួយលាក់ការ ដើម្បីងាយស្រួលក្រុមគេរាយការណ៍ភូតបិទបាំងរឿងអាស្រូវរបស់ខ្លួនប្រាប់ទៅមេៗថា មិនមានករណីដូចសេចក្តីរាយការណ៍នោះទេ។
មជ្ឈដ្ឋានជាច្រើនបានសម្តែងការរិះគន់ធ្ងន់ៗចំពោះករណីនេះ និងកំពុងរង់ចាំតាមដានព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី៩ ខែកក្កដា នេះ មេគង្គប៉ុស្តិ៍ មិនទាន់អាចសុំការបកស្រាយពាក់ព័ន្ធនឹងព័ត៌មាននេះបាននៅឡើយទេ ការិយាល័យនិពន្ធរង់ចាំការពន្យល់ជាវិជ្ជមានទាក់ទងនឹងព័ត៌មាននេះ៕