ថៃ ៖ ក្នុងប្រតិបត្តិការលើកទីពីរ
ក្មេងៗ ៤នាក់ បន្ថែមទៀត ត្រូវបាននាំចេញពីរូងភ្នំថាមលួងដោយជោគជ័យ កាលពីរសៀលថ្ងៃ ច័ន្ទ ម្សិលមិញ ក្នុងប្រតិបត្តិការលើកទីពីរ ធ្វើឲ្យចំនួនក្មេងៗដែលត្រូវបានសង្គ្រោះឡើងដល់ ៨ នាក់ ចំណែកមនុស្ស៥នាក់ទៀតដែលមានក្មេងៗ៤នាក់ និងគ្រូបង្វឹករបស់ពួកគេទំនងជាត្រូវបានសង្គ្រោះនៅថ្ងៃនេះ ប្រសិនបើស្ថានភាពអនុគ្រោះ ។
ទោះជាគេមិនបានឃើញក្មេងៗច្បាស់ប៉ុន្តែសំឡេងអបអររបស់អ្នករង់ចាំនៅខាងក្រៅរូងភ្នំ រួមជាមួយនឹងការបញ្ជាក់របស់កងកម្លាំង NAVY SEAL បង្ហាញថា ក្មេងៗ ៤ នាក់ ពិតជាត្រូវបានសង្គ្រោះ ។ NAVY SEAL បានចុះផ្សាយក្នុងគេហទ័ព័រថា ពេលនេះក្មេងៗដែលត្រូវបាននាំចេញពីរូងមាន ៨ នាក់ ។ អតីតៈអភិបាលខេត្ត ឈៀងរ៉ៃ លោក ណារ៉ុងសក្តិ ឧស្សាថាណាខន និងជាប្រធានក្រុមប្រតិបត្តិការជួយសង្គ្រោះនិយាយថា ប្រតិបត្តិការលើកទីពីរចាប់ផ្ដើមនៅម៉ោង ១១ ព្រឹក ហើយក្មេងដំបូងបានចេញពីរូងភ្នំនៅម៉ោង ៤.៣០នាទីល្ងាច ក្មេងទពីរនាំចេញនៅម៉ោង ៦ និងទី ៣ នាំចេញនៅម៉ោង ៧ ។ ប្រតិបត្តិការលើកទីពីរប្រើរយៈពេលជិត ៦ ម៉ោង ប៉ុន្តែពេលវេលានេះលឿនជាងការរំពឹងទុក ។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុពង្ស ផៅចិន្តា និយាយថា អាជ្ញាធរសម្រេចឲ្យអ្នកជំនាញមុជទឹកដែលនាំយកក្មេងចេញកាលពីថ្ងៃអាទិត្យ បន្តបេសកកម្មនោះ ព្រោះពួកគេស្គាល់ស្ថានភាពរូងភ្នំច្បាស់ ហើយពួកគេដឹងថាត្រូវដោះស្រាយបញ្ហាដោយរបៀបណា ។ ក្មេងៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ឈៀងរ៉ៃ ភ្លាមៗក្រោយចេញពីរូងភ្នំ ហើយបុគ្គលិកពេទ្យបញ្ជាក់ថា ពួកគេមិនប្រឈមនឹងគ្រោះថ្នាក់សុខភាពឡើយ ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លុបចោលទស្សនកិច្ចទៅកាន់ទីតាំងក្បែររូងភ្នំដោយសារចៀសវាងការរំខានដល់ប្រតិបត្តិការជួយសង្គ្រោះដែលស្ថិតក្នុងតំណាក់កាលសំខាន់បំផុត ហើយលោកឧត្តមសេនីស្ថិតនៅក្បែរក្នុងទីប្រជុំជនខេត្តឈៀងរ៉ៃ ។ កាលពីថ្ងៃ អាទិត្យ ក្មេងៗ៤នាក់ត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅក្នុងប្រតិបត្តិការទីមួយ ប្រើរយៈពេលជិត ៦ ម៉ោង ដែលជាការសម្រេចចិត្តរបស់អាជ្ញាធរ ថៃ ដែលជ្រើសរើសយកជម្រើសទីពីរ គឺនាំចេញក្មេងៗទាំងពេលដែលទឹកពេញរូងភ្នំ ទោះជាអ្នកជំនាញអន្តរជាតិព្រមានថាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។
ប្រតិបត្តិការជួយសង្គ្រោះ ដែលមានរហ្សនាមថា Operation Labyrinth ចូលរួមដោយអ្នកជំនាញរូងភ្នំអន្តរជាតិ១៣ នាក់ និង កងកម្លាំង NAVY SEAL ថៃ ៥ នាក់ ហើយប្រតិបត្តិការនោះចាប់ផ្ដើមនៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យម្សិលមិញ៕