ភ្នំពេញ ៖ លោក សុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសនៃពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សាភាសាចិន ថ្នាក់បឋមដល់មន្ត្រីរាជការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចចំនួន២៥រូប នាទីស្តីការក្រសួង ព្រឹកថ្ងៃទី១០ កក្កដា បានជុះរុញអោយ មានការសិក្សាភាសាចិនអោយបានច្រើន ខណៈដែលពលរដ្ឋទូទាំងពិភពលោកប្រមាណ ១ ភាគ ៥ ប្រើប្រាស់ភាសាចិន ដែលនេះបានបង្ហាញថា ភាសាចិនកំពុងមានតួនាទីយ៉ាងសំខាន់ ក្នុងភាសាយានជាអន្តរជាតិ។
ក្នុងឱកាសនេះ លោកបានគូសបញ្ជាក់ថា ប្រទេសចិន ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងមានសកម្មភាពយ៉ាងសកម្មក្នុងការ បណ្តុះបណ្តាលភាសាចិនដល់មន្ត្រីរាជការកម្ពុជា ហើយក្រៅពីនេះក៏មានអ្នកបានទៅបន្តការ សិក្សានៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះលោក សុង ប៉ បានសម្តែងនូវការពេញចិត្ត ចំពោះការរីកចំរើននៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន ដែលបានឈានមកដល់ខួប ៦០ឆ្នាំ នៅឆ្នាំនេះ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា ភាសាចិន ក៏ដូចជាភាសា បរទេសផ្សេងៗទៀតមានសារសំខាន់ណាស់ក្នុងការធ្វើទំនាក់ទំនងជាអន្តរជាតិ ក្នុងនោះក៏ មានភាសាចិនផងដែរ។
លោកជំទាវបានស្នើដល់ភាគីចិនអោយបង្កើននូវការបណ្តុះបណ្តាល ភាសាចិនដល់មន្ត្រីរាជការកម្ពុជាអោយបានច្រើនបន្ថែមទៀត ជាពិសេសពង្រីកវិសាលភាព ទៅដល់ទាំង២៥រាជធានី/ខេត្តនៃប្រទេសកម្ពុជា។
ជាមួយគ្នានេះលោកជំទាវឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជាចិន ដែលបានចាប់ផ្តើមកាលពីឆ្នាំ ១៩៥៨ ហើយលោកជំទាវសូមឧទ្ទិសការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាចិនថ្នាក់ បឋមជូនមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនាពេលនេះ អោយក្លាយទៅជាគ្រឹះកាន់តែរឹងមាំនៃទំនាក់ទំនងនេះ៕