ថៃ ៖ ក្រុមបាល់ទាត់យុវជននៃសាលាមួយនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ ចំនួន១២នាក់ រួមជាមួយគ្រូជំនួយម្នាក់របស់ពួកគេ ត្រូវបានក្រុមជួយរំដោះយកចេញពីល្អាងភ្នំថាមលួងទាំងអស់ហើយ នៅល្ងាចថ្ងៃទី១០ ខែកក្កដា នេះ បន្ទាប់ពីពួកគេបានជាប់គាំងនៅក្នុងនោះ អស់រយៈពេល២សប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកងទ័ពជើងទឹកថៃ។
គួររំលឹកថា ក្មេងៗទាំង១២នាក់នោះ បានបាត់ខ្លួននៅក្នុងល្អាងភ្នំថាមលួង ដែលស្ថិតនៅភាគខាងជើងខេត្តឈៀងរ៉ៃ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។ ពួកគេមានអាយុចន្លោះពី១១ ដល់១៦ឆ្នាំ រីឯគ្រូបង្វឹករបស់ពួកគេម្នាក់ មានវ័យ២៥ឆ្នាំ។ ពួកគេត្រូវក្រុមអ្នកជួយសង្គ្រោះដែលមានទាំងថៃ និងបរទេស បានរកឃើញពួកគេវិញនៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបានក្រុមអ្នកសង្គ្រោះប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីជួយរំដោះពួកគេចេញពីរូងភ្នំដេលបត់បែន និងមានទឺកលិចចម្ងាយប្រហែល១០គីឡូម៉ែត្រ នាំចេញមកក្រៅដោយសុវត្ថិភាពអស់ហើយ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នេះ៕