​ធនាគារជាតិ​កម្ពុជា​ស្នើ​សមត្ថកិច្ច​ចាត់ការ​លើ​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្ញើលិខិត​មួយ​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​ស្នើសុំ​អោយមាន​ការចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ជាង​២០​ក្រុមហ៊ុន ដោយហេតុ​ផល​ថា ក្រុមហ៊ុន​ទាំងនោះ​កំពុងផ្តល់​សេវា​ប្រាក់កម្ចី​ខុសច្បាប់
​បើតាម​លិខិត​របស់​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ពី​បញ្ជីរាយនាម​ក្រុមហ៊ុន​ផ្តល់​កម្ចី​ចំនួន​ជាង​២០​ក្រុមហ៊ុន ដោយ​បញ្ជាក់ថា​ក្រុម​ទាំងនោះ សុទ្ធសឹងតែ​មិនបាន​ទទួល​ការអនុញ្ញាត​ឲ្យ​ផ្តល់​សេវា​កម្ចី​ពី ធនាគារជាតិ​នៃ​កម្ពុជា​នោះទេ​។

​នៅក្នុង​លិខិត​នោះ​ក៏បាន​បញ្ជាក់ដែរថា កម្ចី​ពី​ក្រុមហ៊ុន​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់ ហើយ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ខុសច្បាប់ ធនាគារជាតិ​នៃ​កម្ពុជា​បានស្នើ​សុំ អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន​ផ្តល់​កម្ចី​ទាំងឡាយ ដែល​មិនបាន​ចុះបញ្ជី ឬ​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។

​គួរ​កត់សំគាល់ថា នាពេល​ថ្មី​នេះ មានការ​ផ្សព្វផ្សាយ​មួយចំនួន តាមរយៈ​ហ្វេ​ស​ប៊ុ​ក ការផ្ញើ​សារ​តាម​ទូរស័ព្ទ និង​ការចែក​នាមប័ណ្ណ ជាដើម ដែល​បញ្ជាក់​ពី​ការផ្តល់សេវា​កម្ចី​រហ័ស មាន​លក្ខខណ្ឌ​ងាយស្រួល មិន​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ និង អ្នកធានា​ទៀតផង​។ ប៉ុន្តែ​អ្នកផ្តល់​កម្ចី​ទាំងនោះ មិនបាន​បង្ហាញ​អត្រា​ការប្រាក់​ជាក់លាក់ ឬ​កម្រៃ​សេវា​បន្ថែម​ផ្សេងៗ​នោះឡើយ​។

​គួរ​បញ្ជាក់ដែរថា ក្រៅពី​បញ្ហា​នៃ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់​នេះ​កាលពីពេល​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស កុំអោយ​ប្រជាពលរដ្ឋ​មានការ​ចាញ់បោក​ក្នុង​ប្រតិបត្តិ​ការដាក់​ប្រាក់​បញ្ញើ ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​ផងដែរ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ទទួលស្គាល់​ថា មានតែ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​អោយទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន ក្នុងនោះ​មាន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC ! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd! និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ៕