សៀមរាប ៖ ចាងហ្វាងកាសែត«ដំណឹងកម្ពុជា» លោក ឆោម ស៊ីថា បានត្រូវនគរបាលស្រុកស្វាយលើ ចាប់ខ្លួនក្នុងករណីដកកាំភ្លើងភ្ជង់ និងបាញ់គំរាមជនរងគ្រោះម្នាក់ ជាអ្នកបើកបររថយន្តដឹកទំនិញ។
ការចាប់ខ្លួនលោកចាងហ្វាងខាងលើធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ជននេះបាញ់គំរាមជនរងគ្រោះ ប៉ុន្មាននាទីក្រោយ។
យោងតាមរបាយការណ៍នគរបាលស្រុកស្វាយលើ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ី ស៊ូ ភេទប្រុសអាយុ40ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ។ ចំណែកជនសង្សយ័ឈ្មោៈឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុនចាប់ខ្លួនស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចអោយដឹងទៀតថា អង្គហេតុនៃរឿងនៅវេលាម៉ោង១១៖០០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ ជនរងគ្រោះបានបើកឡានដឹកឥវ៉ាន់ពីខេត្តព្រះវិហារមកខេត្តសៀមរាប។ លុះដល់វេលាម៉ោងប៣ រសៀល ថ្ងៃដដែល ក្រោយដាក់ឥវ៉ាន់រួច ក៏ត្រឡប់មកខេត្តព្រះវិហារវិញ។ លុះពេលបើកដល់ខាងជើងផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្សយ័ខាងលើ បានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ200០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM 1240 តាមពីក្រោយជនរងគ្រោះ ពេលបើកដល់ចំនុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើស ឡានជនសង្សយ័ បានឡើងវ៉ាឡានជនរងគ្រោះឡើងទន្ទឹមគ្នា រួចក៏ចុចកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរថា «អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម»។
ប្រភពបន្តថា ដោយជនរងគ្រោះមិនមានរឿងអី ហើយភ័យក៏បន្ថែមល្បឿនយ៉ាងលឿន ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួនមួយគ្រាប់។ ពេលនោះជនរងគ្រោះបានបើកឡានបន្តមិនហ៊ានឈប់ ហើយជនសង្សយ័ក៏នៅតែបើកតាមបន្តទៀតលុះបើកដល់ចំនុចការដ្ឋានកិនថ្ម ក្បែរអង់តែនទូរសព្ឌ័ ភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ ជនសង្សយ័បានវ៉ាទៅមុន ហើយឈប់ឡានពាំងពីមុខឡានជនរងគ្រោះ បើកទ្វាឡានចុះមកហើយមានកាន់កាំភ្លើងខ្លីទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទារប្រាក់អ្នកដឹកឈើតាមផ្លូវ។ ឃើញដូចនេះ ជនរងគ្រោះបានបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះ ជនសង្សយ័បានស្រែកថា «អាហែងឈប់ភ្លាម»តែជនរងគ្រោះមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើអោយជនរងគ្រោះភ័យក៍បើកឡានយ៉ាងលឿនចេញពីទីនោះ។
ក្រោយពេលទទួលបានពត័មាននេះ សមត្ថកិច្ចនបានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងចាប់យកសំបកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយសំបកគ្រាប់មករក្សាទុក ។ បន្ទាប់មកទៀតដោយមានរាយការណ៏ពីជនរងគ្រោះទៅសមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារនិង បានដាក់បណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ទើបកំលាំងនគរបាល សហការណ៍ជាមួយកំលាំងកងរាជអាវុធហត្ថស្រុក កម្លាំងសឹករងស្រុក និងបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផង ទើបឃាត់ខ្លួនជនសង្សយ័ខាងលើដើម្បីសាកសួរនិងបន្តនីតិវិធី៕