ភ្នំពេញ ៖ ស្ត្រីជាមេតុងទីនម្នាក់ ត្រូវបានកូនតុងទីនអះអាងថា បានបោកប្រាស់ បន្ទាប់ពីប្រមូលលុយបានពីកូនៗ អ្នកលេង បានរាប់ម៉ឺនដុល្លារហើយប៉ុនប៉ងលក់ផ្ទះ គេចខ្លួនបាត់ អស់រយៈពេល១៥ថ្ងៃ កូនអ្នកលេង រងគ្រោះប្រមាណជាង១០នាក់តំណាងឲ្យអ្នកលេង១០៦នាក់ក្នុងក្រុមរបស់គាត់ កាន់រូបថត មេតុងទីន ដើរប្តឹងទប់ស្កាត់ និងទៅឃ្លាំមើលដល់ផ្ទះ មេតុងទីន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមពលរដ្ឋជាអ្នកលេង ហើយរងគ្រោះបានឲ្យដឹងថា ពួកគាត់ខំទុកចិត្ត ស្ត្រីឈ្មោះ ម៉ែន រ៉ានី អាយុ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ធ្វើជាមេតុងទីន ហើយក្រុមរបស់គាត់ សរុបគ្នា១០៦នាក់ លេងតុងទីន មានក្បាល៣០ដុល្លារ ចំនួន៣ក្បាល, ក្បាលទី១ ចំនួន៤២នាក់ , ក្បាលទី២ ចំនួន៣៧នាក់ , ក្បាលទី៣ ចំនួន៣៧នាក់ ចំណែកមួយក្បាលផ្សេងទៀត ៥០ដុល្លា អ្នកលេងចំនួន៥៤នាក់ ហើយដេញរៀងរាល់១ខែម្តង តាមការសន្យាគ្នា ។
ប្រភពដដែលបន្តទៀតថា ទើបតែចាប់ផ្តើមលេង មេតុងទីន ស្ត្រីឈ្មោះ ម៉ែន រ៉ានី បករមូលលុយ តុងទីន ទាំងក្រុមរបស់គាត់ ដែមមានសមាសភាពអ្នកលេង១០៦នាក់ និងក្រុមផ្សេងទៀត បានលុយរាប់មុឺនដុល្លាបិទទ្វារចាក់សោរផ្ទះ ហើយរត់គេចខ្លួនបាត់ អស់រយៈពេល១៥ថ្ងៃមកហើយ បន្សល់ទុកឲ្យកូនៗរងគ្រោះ ឆោឡោ រត់ទៅប្តឹងអាជ្ញាធរសង្កាត់ ខណ្ឌ ឲ្យជួយអន្តរាគមន៍ លុះមកដល់ពេលថ្មីៗនេះ លេចឮដំណឹង ស្ត្រីខាងលើ បានលក់ផ្ទះឲ្យគេ ដើម្បីគេចឲ្យឆ្ងាយ ទើបពលរដ្ឋ ទាំងអ្នកភូមិ អ្នកក្រៅភូមិ ហើយក៏បានអ្នកឲ្យស្ត្រីខាងលើខ្ចីលុយ កាន់រូបថត ប្តឹងមេភូមិ សង្កាត់ ខណ្ឌ ទប់ស្កាត់ រឿងមេតុងទីនលក់ផ្ទះ រង់ចាំដោះស្រាយ បំណុលឆបោកជាមុនសិន ៕