ភ្នំពេញ ៖ សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាប្រជាជនពិភពលោកលើកទី២៩ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ បង្ហាញថា គិតត្រឹមឆ្នាំនេះ កម្ពុជាមានពលរដ្ឋប្រមាណជាង១៦លាននាក់ ហើយនឹងកើនដល់ជាង១៧លាននាក់នៅឆ្នាំ២០២៣ និងជាង១៨លាននាក់នៅឆ្នាំ២០៣០។
ក្នុងសារលិខិតនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋភិបាល ទាក់ទងនឹងការថែរក្សាសុខភាពប្រជាជន គឺអត្រាមរណភាពមាតា ក្នុង ១០ម៉ឺនកំណើតរស់ គឺបានថយចុះពី ៣១៥នាក់ ក្នុងឆ្នាំ២០០៥ មកនៅត្រឹម ២០២នាក់ក្នុងឆ្នាំ២០១០ ហើយបានបន្តធ្លាក់ចុះមកត្រឹម ១៦១នាក់ នៅឆ្នាំ២០១៥។
ពិសេសសុខភាពមាតា ទារក និងកុមារ គឺបានធ្វើឱ្យអត្រាមរណភាពបានថយចុះ ពោលគឺពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ អត្រាមរណភាពទារក បានថយចុះពី ៧១នាក់ មក៥០នាក់ ក្នុង១ពាន់កំណើតរស់។ ចំណែកអត្រាមរណភាពកុមារក្រោមអាយុ ៥ឆ្នាំ បានថយចុះពី ៦៨នាក់ មកត្រឹម ២៩នាក់ ក្នុងចំណោមកុមារ ១ពាន់នាក់៕