ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អ៊ែរវ៉េ បានចាប់ផ្តើមជើងហោះហើរដឹកអ្នកដំណើរក្នុងស្រុកជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១១ ខែកក្កដា ហើយគ្រោងបើកការហោះហើរកម្រិតអន្តរជាតិទៅកាន់ទីក្រុងម៉ាកាវ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។
អ្នកគ្រប់គ្រងទីផ្សារ និងយីហោក្រុមហ៊ុន កម្ពុជា អ៊ែរវ៉េ លោកស្រី សុខ រ៉ាវី បានឲ្យដឹងថាផ្លូវហោះហើរក្នុងស្រុកដែលតភ្ជាប់ភ្នំពេញ សៀមរាប និងភ្នំពេញ ក្រុងព្រះសីហនុ និងប្រតិបត្តិការជើងហោះហើរប្រចាំថ្ងៃ ខណៈផ្លូវហោះហើរអន្តរជាតិចេញពីសៀមរាប-ម៉ាកាវ ភ្នំពេញ-ម៉ាកាវ និងក្រុងព្រះសីហនុ-ម៉ាកាវ នឹងប្រតិបត្តិការ៤ដងក្នុងមួយសប្ដាហ៍។ លោកស្រីបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងប្រតិបត្តិការផ្លូវហោះហើរ សៀមរាប-តៃវ៉ាន់ ម៉ាកាវ នៅចុងខែកក្កដាផងដែរ។
សូមបញ្ជាក់ថា Cambodia Airways ជាក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Prince International Airlines Company Limited (PIA) ហើយនៅថ្ងៃដំបូងនៃគម្រោងនេះ ជើងហោះហើររបស់ KR 801 បានចាប់ផ្តើមដឹកអ្នកដំណើរសរុប១៤៥នាក់ ចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង ៩:៥០ ព្រឹកម្សិលមិញឆ្ពោះទៅខេត្តសៀមរាបទៅដល់នៅម៉ោង ១០:៣៥ ដោយប្រើយន្តហោះ Airbus A319។
បើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថា អនាគតក្រុមហ៊ុន Cambodia Airways គ្រោងនឹងបង្កើនជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសមួយចំនួនទៀតដូចជា ជប៉ុន ចិន ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង ជាដើម៕